ក្នុងឱកាសបំពេញការងារក្នុងខេត្តសៀមរាប លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញលោក Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ធ្វើទស្សនកិច្ចគោលដៅទេសចរណ៍ក្នុងទីក្រុងទេសចរណ៍សៀមរាប និងតំបន់ប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

ការធ្វើទស្សនកិច្ចតាមរយៈការជិះម៉ូតូរ៉ឺម៉ក (តុកតុក) បានដកស្រង់បទពិសោធពីការរៀបចំគោលដៅទេសចរណ៍នានាក្នុងខេត្តសៀមរាប ដងស្ទឹងសៀមរាបដ៏ស្រស់ត្រកាល កន្លែងលក់សំបុត្រជូនភ្ញៀវទេសចរ និងទស្សនាប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក ប្រាសាទបាយ័នដែលទីតាំងថតភាពយន្តបែបទេសចរណ៍របស់ផលិតកម្ម Daubay Production នៃប្រទេសកាហ្សាក់ស្ថាន ព្រមទាំងប្រាសាទនានាដ៏ស្រស់ស្អាតដែលឋិតនីជុំវិញប្រាសាទដ៏ល្បីល្បាញទាំងពីរនេះផងដែរ។

សូមជម្រាបជូនផងដែរថា ក្នុងឱកាសបំពេញការងារក្នុងខេត្តសៀមរាបកាលពីថ្ងៃទី២៤ ខែមិថុនា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក៏បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត តាមរយៈលទ្ធភាពនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី, ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ, ការជំរុញភាពយន្តទេសចរណ៍ (film tourism), និងការពិនិត្យលទ្ធភាពឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងជំរុញភ្ញៀវទេសចរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕







