តំណាងកម្ពុជាបានបន្លឺសំឡេងយ៉ាងខ្លាំងៗនៅលើឆាកអន្តរជាតិ ដើម្បីទាមទារសិទ្ធិ និងយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋខ្លួនដែលកំពុងរងគ្រោះ។ ដោយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅស្តីពី របាយការណ៍របស់ស្នងការអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកជនភៀសខ្លួន សំណួរពាក់ព័ន្ធនឹងជនភៀសខ្លួន អ្នកវិលត្រឡប់ និងជនភៀសសឹក និងសំណួរមនុស្សធម៌ នៅក្នុងគណៈកម្មាធិការទី៣ នៃសម័យប្រជុំមហាសន្និបាត អ.ស.ប. លើកទី៨១ លោក យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ អ.ស.ប. បានគូសបញ្ជាក់យ៉ាងច្បាស់ៗពីការកើនឡើងនៃបញ្ហាប្រឈមនៃការបណ្តេញចេញដោយបង្ខំ និងតម្រូវការចាំបាច់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាសាមគ្គីភាពដើម្បីដោះស្រាយបញ្ហាទាំងនេះ ព្រមទាំងបានទទួលស្គាល់ពីតួនាទីមិនអាចខ្វះបានរបស់ទីភ្នាក់ងារ UNHCR ក្នុងកិច្ចការមនុស្សធម៌នេះ។

នៅក្នុងអង្គប្រជុំនោះ លោកតំណាងអចិន្រ្តៃយ៍រងកម្ពុជា បានទាញចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិឱ្យងាកមកមើលស្ថានភាពជាក់ស្តែង ដោយលោកបានលើកឡើងថា ជនភៀសសឹកកម្ពុជា (IDPs) ប្រមាណជាង ២០,០០០ នាក់ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជម្លោះព្រំដែន គឺសុទ្ធតែមានបំណងប្រាថ្នាយ៉ាងមុតមាំ និងសមនឹងទទួលបានការត្រឡប់ទៅកាន់ផ្ទះសម្បែងដើមរបស់ពួកគេវិញដោយសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរបំផុត។ លើសពីនេះ លោកក៏បានសង្កត់ធ្ងន់ដោយក្តីក្តុកក្តួលថា កូនចៅតូចៗរបស់ក្រុមជនភៀសសឹកទាំងនោះ កំពុងតែទន្ទឹងរង់ចាំថ្ងៃបានត្រឡប់ទៅកាន់សាលារៀនដើមរបស់ពួកគេវិញជារៀងរាល់ថ្ងៃ។

លោកគូសបញ្ជាក់ថា ប្រទេសកម្ពុជានៅតែបន្តអំពាវនាវយ៉ាងទទូចឱ្យមានការយកចិត្តទុកដាក់ជាអន្តរជាតិ កិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយគាំទ្រផ្នែកមនុស្សធម៌ឱ្យបានទាន់ពេលវេលាសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ព្រមទាំងបានឆ្លៀតឱកាសនោះបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលជាគោលការណ៍គ្រឹះមិនអាចរំលោភបានឡើយ៕

