ប្រធានធនាគារកណ្តាលអាមេរិក (Fed) ប្រចាំទីនៅទីក្រុងញូវយ៉ក លោក John Williams បានបញ្ជាក់ថា ធនាគារកណ្តាលអាមេរិកប្រហែលជាត្រូវដំឡើងអត្រាការប្រាក់តែមួយដងទៀតប៉ុណ្ណោះនៅឆ្នាំនេះ ដើម្បីទប់ស្កាត់អតិផរណា។

លោក Williams បានថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៣ ខែតុលា ថា៖ “ខ្ញុំនឹងមិនផ្លាស់ប្តូរទស្សនៈរបស់ខ្ញុំនោះទេ ហើយការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះគឺជារឿងសមស្រប”។
ទន្ទឹមនឹងនេះ ដោយសម្លឹងមើលទៅកាន់ឆ្នាំ២០២៧ ខាងមុខ លោក Williams បានលើកឡើងថា គ្មានហេតុផលណាមួយដែលវិធានការដំឡឡើងការប្រាក់បន្ថែមទៀត ចាំបាច់ត្រូវធ្វើឡើងនោះឡើយ។ ប៉ុន្តែក្នុងនោះលោកក៏បានបើកចំហរចំពោះលទ្ធភាពដែលទិន្នន័យនានានៅពេលនោះអាចផ្លាស់ប្តូរទស្សនវិស័យនេះវិញ ផងដែរ។
ប្រធាន Fed រូបនេះ បានពន្យល់ទៀតថា យើងត្រូវតែចាំមើលថាតើមានអ្វីកើតឡើងនៅឆ្នាំមុខ។ ឥឡូវនេះទើបតែពាក់កណ្តាលខែតុលាប៉ុណ្ណោះ។ សេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ដោយសារកត្តាជាច្រើន។ នោះហើយជាមូលហេតុដែលយើងត្រូវបន្តតាមដានទិន្នន័យនានាបន្ថែមទៀត។
ជម្រាបជូនថា នៅខែមុននេះ ធនាគារកណ្តាលអាមេរិក (Fed) បានសម្រេចដំឡើងអត្រាការប្រាក់គោលជាលើកដំបូងក្នុងរយៈពេលជាងបីឆ្នាំ ដោយដំឡើង ២៥ពិន្ទុ (ឬ ០,២៥%)។ ហើយនៅជិតពីរសប្តាហ៍ក្រោយមក លោក Williams បានថ្លែងថា គ្មានការប្រញាប់ប្រញាល់ណាមួយ នៅក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀតនោះទេ និងបានអះអាងថា ធនាគារ Fed ប្រហែលជាត្រូវចាត់វិធានការតែម្តងទៀតប៉ុណ្ណោះ នៅក្នុងឆ្នាំនេះ៕

