បុរីវ៉ាទីកង់ កាលពីពេលថ្មីៗនេះ បានប្រកាសថាសម្តេចប៉ាប លេអូ ទី១៤ (Pope Leo XIV) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីការវះកាត់ដ៏ជោគជ័យមួយដើម្បីកាត់ផ្នែកខ្លះនៃសួតខាងស្តាំរបស់ទ្រង់ចេញ ដែលត្រូវបានគេរកឃើញថាមានដុំសាច់មហារីក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

នៅថ្ងៃទី១១ ខែតុលា សម្តេចប៉ាប បានមានបន្ទូលទៅកាន់ក្រុមជំនុំនៅវិមាន St. Peter’s Square ថា ក្រុមគ្រូពេទ្យបានរកឃើញដុំសាច់តូចមួយនៅក្នុងសួតរបស់ទ្រង់ ដោយទ្រង់បានបន្ថែមថា ដុំសាច់នោះ កំពុងក្លាយជាជំងឺមហារីកនៅដំណាក់កាលដំបូងបំផុត និងមានទំហំតូច ។ ក្រុមគ្រូពេទ្យបានណែនាំឱ្យមានការវះកាត់ព្យាបាលចេញ ដូច្នេះសម្តេចប៉ាបក៏បានសម្រេចចិត្តទទួលយកការវះកាត់ដើម្បីយកដុំសាច់នោះចេញតែម្តង។
គួរឲ្យដឹងថា ការវះកាត់នេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែតុលា នៅមន្ទីរពេទ្យ Gemelli ដែលស្ថិតនៅភាគពាយព្យនៃទីក្រុងរ៉ូម។ នៅល្ងាចថ្ងៃដដែលនោះ បុរីវ៉ាទីកង់បានប្រកាសថា ការវះកាត់បានប្រព្រឹត្តទៅតាមការគ្រោងទុក ហើយសម្តេចប៉ាប លេអូ ទី១៤ បានយាងត្រឡប់ទៅបន្ទប់សម្រាករបស់ទ្រង់វិញហើយ។
គួរជម្រាបជូនថា សម្តេចប៉ាប លេអូ ទី១៤ ដែលមានព្រះជន្ម ៧១ វស្សា បានឡើងកាន់តំណែងជាប្រមុខនៃបុរីវ៉ាទីកង់នៅខែឧសភា ឆ្នាំ២០២៥។ ព្រះអង្គមានព្រះជន្មនៅក្មេងជាង បើធៀបនឹងមេដឹកនាំដទៃទៀតនៃសាសនាកាតូលិក។ សម្តេចប៉ាបចូលចិត្តលេងកីឡា រួមទាំងកីឡាវាយកូនបាល់ ហើយមិនមានព័ត៌មានណាមួយបញ្ជាក់ថាព្រះអង្គជក់បារី ឬធ្លាប់មានបញ្ហាសុខភាពពីមុនមកនោះទេ៕

