ក្រសួងកសិកម្ម៖ ការបើកទីផ្សារនាំចេញអង្ករកម្ពុជាទៅហ្វីលីពីន ធ្វើឱ្យតម្លៃស្រូវក្នុងស្រុកកើនឡើងខ្ពស់​

សង្គម​ និង​សេដ្ឋកិច្ច

​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានឱ្យដឹងថា ការបើកទីផ្សារនាំចេញអង្ករកម្ពុជាទៅប្រទេសហ្វីលីពីនបានធ្វើឱ្យតម្លៃស្រូវក្នុងស្រុកកើនឡើងខ្ពស់ ជួយឱ្យប្រជាកសិករទទួលបានប្រាក់ចំណេញលើកកម្ពស់ជីវភាពគ្រួសារ។ នេះបើយោងតាមកិច្ចប្រជុំក្រុមការងារ​ចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម​ ដឹកនាំដោយលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គង់ ច័ន្ទវាសនា បានឱ្យដឹងថា កិច្ចប្រជុំនេះ​គឺ ដើម្បីតាមដាន​ និងវាយតម្លៃស្ថានភាពផលិតកម្ម​ និងតម្លៃកសិផលសំខាន់ៗបម្រើឱ្យសន្តិសុខស្បៀង​ក្នុងប្រទេស​ ជួយគាំទ្រដល់ប្រជាកសិករអ្នកផលិត​ផង​ និងប្រជាពលរដ្ឋជាអ្នកទទួលទានទូទាំងប្រទេសផង។

លោកបានសង្កត់ធ្ងន់ថា​ ការបើកទីផ្សារនាំចេញអង្ករកម្ពុជាទៅប្រទេសហ្វីលីពីន​ កាលពីខែកុម្ភៈ​ឆ្នាំ២០២៦​ បានជំរុញឱ្យមានកំណើនតម្រូវការស្រូវសម្រាប់កិនជាអង្ករនាំចេញ​ និងធ្វើឱ្យតម្លៃស្រូវក្នុងស្រុកកើនឡើងខ្ពស់​ ជួយឱ្យប្រជាកសិករទទួលបានប្រាក់ចំណេញលើកកម្ពស់ជីវភាពគ្រួសារ។ លោក បានណែនាំឱ្យមានការបន្តតាមដានតម្លៃកសិផលសំខាន់ៗ​ និងត្រៀមស្នើសុំអន្តរាគមន៍ក្នុងករណីចាំបាច់​ ដើម្បីរក្សាលំនឹងថ្លៃកសិផលជួយគាំទ្រដល់ប្រជាកសិករ​អ្នកផលិត និងទប់ស្កាត់អតិផរណា​ដែលជះផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែលជាអ្នកទទួលទាន។

តាមរយៈអង្គប្រជុំនេះ ក៏បាន​វាយតម្លៃដែរថា​ ស្រូវរដូវវស្សា​ដែលនឹងត្រូវប្រមូលផលចាប់ពីពាក់កណ្តាលខែតុលា​ រហូតដល់ខែធ្នូ​ ឆ្នាំ២០២៦នេះ​ នឹងរក្សាបាននូវតម្លៃល្អ​ ហើយប្រជាកសិករនឹងបន្តទទួលបានប្រាក់​ចំណេញ​ ខណ:ដែលតម្លៃអង្ករនឹងមានស្ថេរភាពល្អ។

សូមជម្រាបដែរថា ទិន្នន័យសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះបានបង្ហាញថា ការនាំចេញអង្ករកម្ពុជាទៅហ្វីលីពីនបានកើនពីត្រឹម ១,៦២០តោនក្នុងខែមករា ដល់ ៣៥,៤៥០តោនក្នុងខែកញ្ញា ។ ក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២៦ ទីផ្សារនេះទិញអង្ករកម្ពុជាសរុប ១៥៧,៥៥២តោន ស្ទើរតែស្មើនឹងវៀតណាមដែលទិញ ១៥៩,៩៤៦តោនក្នុងរយៈពេលដូចគ្នា៕ អត្ថបទ៖ហ្សាលីន