ក្រសួងផែនការ៖ ជាមធ្យមមនុស្ស​ម្នាក់ អាច​រក​ប្រាក់​ចំណូល​បាន​ ១០ ៩៥១រៀល ក្នុង​មួយ​ថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

ផ្អែក​លើ​វិធីសាស្ត្រ​ដែល​បាន​កែ​សម្រួល និង​ទិន្នន័យ​អង្កេត​សេដ្ឋកិច្ច សង្គមកិច្ច​កម្ពុជា ឆ្នាំ ២០១៩-២០២០ ​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ​ថ្នាក់​ជាតិ​សម្រាប់​កម្ពុជា បាន​រក​ឃើញ​ថា ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់ អាច​រក​ប្រាក់​ចំណូល​បាន​ចំនួន ១០ ៩៥១រៀល ក្នុង​មួយ​ថ្ងៃ។ នេះបើតាមលោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយស្តីពីខ្សែបន្ទាត់ភាពក្រីក្រថ្មី និងអត្រាភាពក្រីក្រនៅកម្ពុជា ឆ្នាំ២០១៩-២០២០ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឆាយ ថន បានបង្ហាញថា ​ក្នុងមនុស្ស​ម្នាក់នៅ​រាជធានី​ភ្នំពេញអាច​រក​ប្រាក់​ចំណូល​បាន ១០ ៩៥១រៀល ក្នុង​មួយ​ថ្ងៃ នៅ​តំបន់​ទី​ប្រជុំជន​ផ្សេង​ទៀត អាច​រក​ប្រាក់​ចំណូល​បាន ៩ ៥៧១រៀល និង​នៅតំបន់​ជន​បទ អាច​រក​ប្រាក់​ចំណូល​បាន ៨ ៩០៨រៀល ក្នុង​មួយ​ថ្ងៃ។ 

ដោយប្រើប្រាស់ខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ ២០១៩- ២០២០ មានកម្រិត ១៧,៨% ក្នុងនោះនៅរាជធានីភ្នំពេញ មានអត្រាភាពក្រីក្រ ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត មានចំនួន ១២,៦% និងតំបន់ជនបទ ២២,៨%។

លោក ឆាយ ថន គូសបញ្ជាក់ថា អត្រាភាព​ក្រីក្រ​នៅ​កម្ពុជា សម្រាប់​ឆ្នាំ ២០១៩- ២០២០ បាន​រង​ផល​ប៉ះពាល់​ខ្លះ​ពី​ការ​រីករាលដាល​នៃ​មេរោគ​កូវីដ-១៩។ លោកថា ការ​រីករាលដាល​កូវីដ-១៩ លើ​សេដ្ឋកិច្ច​កម្ពុជា ដែល​បាន​ចាប់​ផ្ដើម ពី​ដើម​ឆ្នាំ ២០២០ តាម​រយៈការ​បង្ក​ផល​ប៉ះពាល់ ដល់​ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់លើ​វត្ថុ​ធាតុ​ដើម សម្រាប់​ការ​ផលិត​ផលិតផល​នាំចេញ, ការ​ថយចុះ​ការ​បញ្ជា​ទិញ​ពី​ក្រៅ ប្រទេស និង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ៕