កម្ពុជា និងសហភាពអឺរ៉ុប រួមជាមួយបណ្តាប្រទេសជាង ៦០ ជុំវិញពិភពលោក ប្តេជ្ញារក្សាដែនសមុទ្រឱ្យមានសេរីភាព និងបើកចំហរ

សង្គម​ និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជា បានសម្រេចចិត្តចូលរួមជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសជាង ៦០ ជុំវិញពិភពលោក ក្នុងការគាំទ្រសេចក្តីប្រកាសជាសកលស្តីពី «គ្មានកម្រៃ គ្មានការគិតថ្លៃឆ្លងកាត់»(No Fees, No Tolls)។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងក្នុងគោលបំណងការពារសេរីភាពនាវាចរណ៍ និងប្រឆាំងដាច់ខាតចំពោះការយកកម្រៃ ឬការគិតថ្លៃឆ្លងកាត់ខុសច្បាប់ នៅតាមច្រកសមុទ្រអន្តរជាតិនានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅពេលដែលផ្លូវនាវាចរណ៍អន្តរជាតិជួបការបិទខ្ទប់ ឬការគិតថ្លៃឆ្លងកាត់ វាធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មសកល ខ្សែសង្វាក់ផ្គត់ផ្គង់ សន្តិសុខ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងធ្វើឱ្យទំនិញប្រើប្រាស់ប្រចាំថ្ងៃឡើងថ្លៃទៀតផង។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ សេចក្តីប្រកាស «គ្មានកម្រៃ គ្មានការគិតថ្លៃឆ្លងកាត់» ត្រូវបានបង្កើតឡើងក្នុងគោលដៅជួយរក្សាផ្លូវសមុទ្រឱ្យមានភាពយុត្តិធម៌ ងាយស្រួលធ្វើដំណើរ និងបើកចំហសម្រាប់គ្រប់ភាគី។

នៅក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់សហភាពអឺរ៉ុប លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ការសម្រេចចិត្តរបស់កម្ពុជាក្នុងការចូលរួមក្នុងសេចក្តីប្រកាសនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើង ចំពោះប្រព័ន្ធពហុភាគីនិយម សណ្តាប់ធ្នាប់ផ្អែកលើច្បាប់ និងច្បាប់អន្តរជាតិ»។ លោកបានបន្ថែមថា សេចក្តីប្រកាសនេះបង្ហាញយ៉ាងច្បាស់ថា សហគមន៍អន្តរជាតិប្រឆាំងដាច់ខាតចំពោះវិធានការរើសអើងណាមួយ ឬការទាមទារកម្រៃថ្មីៗនៅលើផ្លូវទឹកអន្តរជាតិ ដើម្បីធានាថាផ្លូវនាវាចរណ៍សមុទ្រនៅតែបន្តបើកចំហសម្រាប់ទាំងអស់គ្នា។

ការចូលរួមរបស់កម្ពុជា មិនត្រឹមតែបង្ហាញពីស្មារតីសហការអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកការពារស្ថិរភាពសេដ្ឋកិច្ចពិភពលោក តាមរយៈការរក្សាដង្ហើមផ្លូវទឹកអន្តរជាតិឱ្យមានសេរីភាព ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ផងដែរ។