ក្រុមហ៊ុន SpaceX បានយល់ព្រមទិញយកអាជ្ញាប័ណ្ណប្រើប្រាស់ប្រេកង់វិទ្យុ ដែលនឹងអនុញ្ញាតឱ្យសេវាកម្មផ្កាយរណប Starlink Mobile របស់ខ្លួនអាចផ្តល់នូវសេវាទូរស័ព្ទចល័តនៅខាងក្នុងអគារបាន ដែលជាជំហានថ្មីមួយក្នុងការផ្លាស់ប្តូរមុខមាត់ Starlink ទៅជាក្រុមហ៊ុនទូរគមនាគមន៍ចល័តធំបំផុតនៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន CBS ក្នុងពេលថ្មីៗនេះថា៖ “នេះគឺជាជំហានចុងក្រោយដ៏សំខាន់មួយនៃប្រេកង់ដែល SpaceX ត្រូវការ ដើម្បីផ្តល់នូវសេវាគ្របដណ្តប់បណ្តាញសេវាទូរស័ព្ទចល័តពេញលេញនៅក្នុងសហរដ្ឋអាមេរិក”។
យ៉ាងណាមិញ បើយោងតាមប្រភពដែលដឹងពីបញ្ហានេះ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Wall Street Journal បានឱ្យដឹងថា ក្រុមហ៊ុន SpaceX នឹងបង់ជាសាច់ប្រាក់ប្រហែល ៨ពាន់លានដុល្លារសម្រាប់ការទិញយកប្រេកង់វិទ្យុទាំងនោះ។
គួរជម្រាបជូនទៀតថា ការទិញយកនេះអាចជួយឱ្យក្រុមហ៊ុន SpaceX ពង្រីកសេវា Starlink ឱ្យហួសពីសេវាអ៊ីនធឺណិត broadband តាមផ្កាយរណប និងឈានចូលកាន់តែស៊ីជម្រៅទៅក្នុងទីផ្សារទំនាក់ទំនងចល័ត ដែលធ្វើឱ្យវាក្លាយជាដៃគូប្រកួតប្រជែងដោយផ្ទាល់ជាមួយក្រុមហ៊ុនទូរគមនាគមន៍ចល័តធំៗនៅសហរដ្ឋអាមេរិកផ្សេងទៀត ដូចជា AT&T និង Verizon ជាដើម៕

