អ.ស.ប. ផ្សព្វផ្សាយលិខិតរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា បំភ្លឺការពិតជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ និងទាមទារឱ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់

សង្គម​ និង​សេដ្ឋកិច្ច

អង្គការសហប្រជាជាតិ (អ.ស.ប.) បានចេញផ្សាយជាផ្លូវការនូវលិខិតចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ របស់លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប. ផ្ញើជូនអគ្គលេខាធិការ អ.ស.ប. ដើម្បីចែកចាយជាឯកសារផ្លូវការនៃមហាសន្និបាតលើកទី៨១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតនេះធ្វើឡើងក្នុងគោលបំណងឆ្លើយតប និងច្រានចោលការលើកឡើងរបស់លោក Cherdchai Chaivaivid តំណាងអចិន្ត្រៃយ៍ថៃ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងកិច្ចពិភាក្សាទូទៅ ដែលបានបំភ្លៃអង្គហេតុប្រវត្តិសាស្ត្រ និងលុបចោលការពិតសំខាន់ៗជុំវិញបញ្ហាព្រំដែន។

នៅក្នុងលិខិតនោះ លោក កែវ ឈា បានរំលេចថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងទីតាំងកម្ពុជាតាមបណ្តោយព្រំដែន ហើយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានពង្រីកជាការវាយប្រហារទ្រង់ទ្រាយធំ ដោយប្រើប្រាស់រថក្រោះ កាំភ្លើងធំ យន្តហោះចម្បាំង F-16 និង Saab JAS Gripen ដ្រូន ព្រមទាំងគ្រាប់បែកចង្កោមចូលក្នុងខេត្តមួយចំនួនរបស់កម្ពុជា។ លើសពីនេះ បើទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏ភាគីថៃនៅតែបន្តការឈ្លានពាន តាមរយៈការដាក់ពង្រាយកងទ័ព សាងសង់លេណដ្ឋាន ដាក់បន្លាលួស កុងតឺន័រ និងពង្រីកតំបន់ព្រំដែនឯកតោភាគីចូលមកក្នុងទឹកដីកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាបានច្រានចោលទាំងស្រុងនូវការចោទប្រកាន់រឿង «ការដាក់មីនថ្មី» ដោយបញ្ជាក់ពីការគោរពសន្ធិសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស និងបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតរួម ឯករាជ្យ និងមិនលម្អៀង។

ទន្ទឹមនឹងនេះ កម្ពុជាបានបង្ហាញការសោកស្តាយដែលភាគីថៃលើកយកព្រឹត្តិការណ៍កាលពីទសវត្សរ៍មុនមកធ្វើជាលេសដើម្បីបន្តការឈ្លានពាន និងការកាន់កាប់ខុសច្បាប់ ខណៈដែលថៃមិនព្រមទទួលយកការអញ្ជើញរបស់កម្ពុជាក្នុងការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែននៃគណៈកម្មការព្រំដែនរួម (JBC) ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០ ០០០ នាក់ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ចំពោះការចោទប្រកាន់ថា កម្ពុជាព្យាយាមធ្វើអន្តរជាតូបនីយកម្មជម្លោះ កម្ពុជាបានបញ្ជាក់ថា ការដោះស្រាយតាមធម្មនុញ្ញ អ.ស.ប. គឺជានីតិវិធីដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។ ផ្ទុយទៅវិញ គឺភាគីថៃដែលបានសម្រេចលុបចោល MOU ឆ្នាំ២០០១ ស្តីពីដែនសមុទ្រជាឯកតោភាគីកាលពីខែឧសភា រហូតបង្ខំឱ្យកម្ពុជាត្រូវស្វែងរកកិច្ចសម្រុះសម្រួលជាកាតព្វកិច្ចក្រោមអនុសញ្ញា UNCLOS។

ជាចុងក្រោយ ទោះបីជាកម្ពុជាគាំទ្រការបើក «ទំព័រថ្មី» នៃទំនាក់ទំនងទ្វេភាគីក៏ដោយ ប៉ុន្តែទំព័រថ្មីមិនអាចកសាងឡើងដោយផ្អែកលើគោលការណ៍ «អ្នកខ្លាំងជាអ្នកឈ្នះ» ដូចការថ្លែងរបស់លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ កាលពីខែឧសភា ឆ្នាំ២០២៦ នោះឡើយ។ ដើម្បីកសាងទំនុកចិត្តឡើងវិញ ថៃត្រូវតែបញ្ឈប់រាល់សកម្មភាពខុសច្បាប់ ជៀសវាងសកម្មភាពឯកតោភាគី និងចូលរួមកាត់បន្ថយភាពតានតឹង ខណៈដែលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ដោយសន្តិវិធី ស្របតាមធម្មនុញ្ញ អ.ស.ប. ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីជាធរមាន៕