ច្រកថ្មី! កម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី ២២ មិថុនា ២០២៦  ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ (Transit) ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ចំនួន៤កុងតឺន័រ ដោយឆ្លងកាត់ប្រទេសឡាវ ត្រូវបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏មានការចូលរួមផ្ទាល់ពីសំណាក់តំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ ក្រុមហ៊ុនផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សមិទ្ធផលដ៏ធំធេងនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងក្រសួងកសិកម្មនិងបរិស្ថានឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦ មុខទៅកាន់ទីផ្សារចិន ដែលរួមមានចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។

លោកបន្តថា នេះជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា ច្រកថ្មីសម្រាប់កម្ពុជានេះនឹងធ្វើឱ្យកម្ពុជាចំណេញទៅលើរយៈពេលនៃកការដឹកជញ្ជូន (ជាធម្មតាត្រូវប្រើពេលចន្លោះពី១៥ទៅ២០ថ្ងៃ មកត្រឹម១សប្តាហ៍ប៉ុណ្ណោះ) និងធ្វើ​ឱ្យកសិផលខ្មែរចំនួនទៀតអាចនឹងនាំចេញបានដោយជោគជ័យក្នុងរយៈពេលខ្លីផងដែរ៕