ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគម ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះអង្គ នៅមណ្ឌបព្រះបរមរូប ខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។

ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ទ្រង់ប្រសូតនាថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ និងបានឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៩៤១ និងលើកទី២ ក្នុងឆ្នាំ១៩៩៣។ ព្រះអង្គបានយាងសោយទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ដែលប្រជាពលរដ្ឋខ្មែរចងចាំជានិច្ច គឺការតស៊ូទាមទារ និងដណ្តើមឯករាជ្យពីអាណានិគមនិយមបារាំង រហូតទទួលបានជោគជ័យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ បន្ទាប់ពីទទួលបានឯករាជ្យ ព្រះអង្គបានបន្តបំពេញព្រះរាជកិច្ចដឹកនាំប្រទេសក្នុងសម័យសង្គមរាស្ត្រនិយម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តម និងពោរពេញដោយកតញ្ញុតាធម៌នេះ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល សមាជិក និងអគ្គលេខាធិការដ្ឋាននៃសមាគមឧកញ៉ាកម្ពុជា សូមសម្តែងនូវអំណរព្រះរាជគុណ និងព្រះរាជកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជបូជនីយកិច្ច និងព្រះរាជសកម្មភាពដ៏ថ្លៃថ្លារបស់ «ព្រះបរមរតនកោដ្ឋ» ដែលបានលះបង់ និងបូជាព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជហឫទ័យ ដើម្បីជាតិ មាតុភូមិ និងប្រជារាស្ត្រខ្មែរ។
សមាគមឧកញ៉ាកម្ពុជា សូមថ្វាយព្រះរាជកុសលចំពោះព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» សូមស្តេចយាងបដិសន្ធិក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕












