លោក អួង សុខន អគ្គនាយករងនៃក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនៃក្រុមហ៊ុន Mekong Tay Ninh Co., Ltd. កាលពីពេលថ្មីៗនេះ។

ក្នុងជំនួបនោះ លោកអគ្គនាយករង បានគូសបញ្ជាក់អំពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ដែលបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន ព្រមទាំងបានថ្លែងអំណរគុណដល់គណៈប្រតិភូធុរកិច្ចសម្រាប់ជំនួបដ៏មានអត្ថន័យនេះ និងបានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មបន្ថែមទៀត។

គណៈប្រតិភូធុរកិច្ចនៃក្រុមហ៊ុន Mekong Tay Ninh Co., Ltd. បានធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មស្តីពី ផែនការអនុវត្ត និងព័ត៌មានលម្អិតពាក់ព័ន្ធនឹងគម្រោង «Cambodia-Vietnam Factory Showroom (CVFS)» ដែលជាកន្លែងតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់កម្ពុជា និងវៀតណាម ព្រមទាំងជាទីតាំងសម្រាប់ជួយសម្របសម្រួលការភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកចែកចាយ និងអ្នកទិញនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ក្រុមហ៊ុនគ្រោងនឹងបង្កើតអគារតាំងបង្ហាញនេះឡើង នៅអាសយដ្ឋានផ្ទះលេខ 14E0E1E2 ផ្លូវលេខ ២១៧ កែងផ្លូវលេខ ២៩០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយគ្រោងរៀបចំការតាំងបង្ហាញផលិតផលក្នុងសមាមាត្រ ៦០% ជាផលិតផលវៀតណាម និង ៤០% ជាផលិតផលកម្ពុជា៕




