កូនខ្មែរដំបូងគេជាប់ឈ្មោះជាទូតនិស្សិតជាន់ខ្ពស់ និងជាសមាជិកគោលនយោបាយសាធារណៈនៃស្ថាប័ន Chatham House របស់ចក្រភពអង់គ្លេស ព្រមទាំងមានឱកាសបានជួបថ្នាក់ដឹកនាំពិភពលោកជាច្រើនរូប

សង្គម​ និង​សេដ្ឋកិច្ច

លោក សុខ ទីហ៊ុយ ជានិស្សិតអនុបណ្ឌិតឆ្នើមកំពុងសិក្សានៅក្រៅប្រទេស និងជាកូនខ្មែរដំបូងគេជាប់ឈ្មោះជាទូតនិស្សិតជាន់ខ្ពស់ និងជាសមាជិកគោលនយោបាយសាធារណៈ នៃស្ថាប័ន Chatham House របស់ចក្រភពអង់គ្លេស ហើយមានឱកាសបានជួបថ្នាក់ដឹកនាំនៃប្រទេសនានាជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាមជាទូតនិស្សិតជាន់ខ្ពស់ របស់ស្ថាប័ន Chatham House ដែលបានរៀបចំវេទិកាពិភាក្សាលើប្រធានបទសង្គម និងនយោបាយអន្តរជាតិ លោក សុខ ទីហុយ មានឱកាសបានជួបថ្នាក់ដឹកនាំពិភពលោកជាច្រើនដូចជា៖

ប្រធានាធិបតីអៀរឡង់ ហ្សកហ្ស៊ី ហ្វាំងឡង់ ម៉ិកស៊ិក

នាយករដ្ឋមន្ត្រី ម៉ាឡេសុី នូវែលសេឡង់ អ៊ីតាលី កាណាដា ស៊ូដង់

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីអង់គ្លេសជាច្រើនរូប ព្រមទាំងលោក លី ស៊ានឡុង (Lee Hsien Loong ) អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី។

ជាក់ស្តែង កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក សុខ ទីហុយ បានចោទសួរសំណួរទៅកាន់ លោក លី ស៊ានឡុង (Lee Hsien Loong ) អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី បច្ចុប្បន្នជាទេសរដ្ឋមន្ត្រី ក្នុងវេទិកា Chatham House នៅប្រទេសអង់គ្លេស។

ក្នុងវេទិកា Chatham House លោក ទីហុយ បានចោទជាសំណួរថា៖ “ខ្ញុំមកពីប្រទេសកម្ពុជា ហើយខ្ញុំបានយល់ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានដើរតួយ៉ាងសំខាន់ សម្រាប់អនាគតរបស់អាស៊ាន និងទំនាក់ទំនងទ្វេភាគីរវាងសមាជិកអាស៊ានជាមួយសហរដ្ឋអាមេរិក។ ពាក់ព័ន្ធនឹងគោលនយោបាយការនាំចេញរបស់អាស៊ាន ខ្ញុំបាទសូមសួរថា តើឯកឧត្តមយល់យ៉ាងណា ចំពោះឧ៌កាសនៃការនាំចេញរបស់សមាជិកអាស៊ាន ទៅកាន់សហរដ្ឋអាមេរិក ស្របពេលដែលប្រធានាធិបតី ត្រាំកំពុងមានចំណាប់អារម្មណ៍មកលើប្លុកអាស៊ានទាំងមូល?”

លោក លី ស៊ានឡុង អតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី បានឆ្លើយតបថា៖ “ខ្ញុំគិតថា បច្ចុប្បន្នគ្រប់ប្រទេសទាំងអស់ សុទ្ធតែចង់បានផលប្រយោជន៍ពីការទំនាក់ទំនងល្អជាមួយប្រធានាធិបតីអាមេរិក ដើម្បីរក្សាស្ថេរភាពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ សម្រាប់អាស៊ាន នេះប្រហែលជាគោលដៅដែលអាចសម្រេចបាន។ ប្រទេសសមាជិកអាស៊ានទាំងអស់ មិនមានកម្រិតដូចគ្នាជាមួយសហរដ្ឋអាមេរិកនោះទេ។ ប្រទេសខ្លះ មានឱនភាពពាណិជ្ជកម្ម ខណៈដែលប្រទេសខ្លះមានអតិរេកពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ដូចជា ឥណ្ឌូនេស៊ី រឺ វៀតណាម ជាដើម។ ដូច្នេះស្ថានភាពគឺខុសៗគ្នា ហើយខ្ញុំគិតថា ប្រទេសអាស៊ាននីមួយៗ នឹងត្រូវរៀបចំជំនួបផ្ទាល់ខ្លួនជាមួយសហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ការចរចាជាភាគីតែមួយមិនមែនជារឿងងាយស្រួលនោះទេដូចករណីសហភាពអឺរ៉ុប ជាមួយសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយសម្រាប់អាស៊ានវិញ ខ្ញុំគិតថាអាទិភាពនៅពេលនេះគឺ ការរក្សាទំនាក់ទំនងស្មើភាពគ្នា ជាមួយអាមេរិក”។

បច្ចុប្បន្ននេះ លោក ទីហ៊ុយ ក៏ជាសមាជិកគោលនយោបាយសាធារណៈខ្មែរដំបូងគេ ដែលចូលរួមចំណែកក្នុងការវិភាគ និង បង្កើតដំណោះស្រាយគោលនយោបាយសម្រាប់ ស្ថាប័ន Chatham House ដែលត្រូវបានរចនាឡើងដើម្បីជួយរដ្ឋាភិបាលនានាលើឆាកអន្តរជាតិ។

Chatham House គឺជាស្ថាប័នគោលនយោបាយឈានមុខគេនៅលើពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ វេទិកាពិភាក្សានេះ មានបេសកកម្មដើម្បីជួយរដ្ឋាភិបាល និងសង្គមកសាងពិភពលោកមួយដែលមានសុវត្ថិភាព វិបុលភាព និងយុត្តិធម៌ប្រកបដោយចីរភាព។ មិនតែប៉ុណ្ណោះវេទិកានេះក៏ត្រូវបានគេសរសើរចំពោះការផ្តល់ជាកន្លែងសុវត្ថិភាពសម្រាប់អ្នកនិយាយ និងលើកទឹកចិត្តដល់ភាពបើកចំហរផងដែរ។

សូមជម្រាបថា លោក សុខ ទីហុយ បច្ចុប្បន្នកំពុងរស់នៅប្រទេសអង់គ្លេស និងទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញនយោបាយនិងគ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យ Queen Mary University of London។ បច្ចុប្បន្នលោកទីហុយ កំពុងបន្កការសិក្សាថ្នាក់អនុបណ្ឌិតជំនាញ វិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនយោបាយ នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និង វិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍ (LSE) ដែលជាសាកលវិទ្យាល័យលេខ1 ប្រចាំប្រទេសអង់គ្លេស នេះបើតាមការផ្សព្វផ្សាយកាសែត The Times។

Screenshot