ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានបង្ហាញក្តីរំពឹងទុកថា កម្ពុជា-កូរ៉េ នឹងអាចដំឡើងកម្រិតពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។ឯកឧត្តមថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវត្តមានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនៅពេលនេះ ជាការបង្ហាញយ៉ាងច្បាស់ថាកូរ៉េខាងត្បូងបានផ្ដល់តម្លៃយ៉ាងខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ។ សម្ដេចតេជោបន្តថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង គឺសម្ដេចបានខិតខំប្រឹងប្រែងពូនជ្រុំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីឆ្នាំ១៩៩៦មក ហើយនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងឡើងវិញរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា។ សម្ដេចតេជោសង្ឃឹមថា ខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងនឹងសហការគ្នារៀបចំជាព្រឹត្តិការណ៍ដើម្បីអបអរសាទរ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានអរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានលើកឡើងពីភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចបានកត់សម្គាល់ថា នៅឆ្នាំក្រោយខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ភាគីទាំងពីរគួរតែពង្រីកទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពីព្រោះថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺមានភាពរីកចម្រើនស្ទើរគ្រប់វិស័យទៅហើយ ដូច្នេះទំនាក់ទំនងនេះគួរតែបន្ថែមទៀតដោយលើកកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ជាការឆ្លើយតប ពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ រំពឹងថា នឹងអាចដំឡើងកម្រិតពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ក៏បញ្ជាក់បន្ថែមថានៅក្នុងអាណត្តិឯកឧត្តមជាឯកអគ្គរដ្ឋទូត ឯកឧត្តមនឹងខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន

