មេធំ Grab ប្តេជ្ញាចិត្តអ្វីខ្លះនៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការរកស៊ីនៅកម្ពុជា?

សង្គម​និង​សេដ្ឋកិច្ច


មុនចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Grab ជួបពិភាក្សាការងារ កាលពីថ្ងៃទី១៦ ខែមករា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតក្នុងជំនួបនោះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Grab បានប្តេជ្ញាជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូល្អ ក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួនជាប់ជាប្រចាំ។

ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ចំពោះការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យដឹកជញ្ជូន ដែលគម្រូអាជីវកម្មរបស់ Grab បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងទាក់ទាញ និងប្រមូលផ្តុំប្រតិបត្តិករក្រៅប្រព័ន្ធ ជាពិសេស ផ្នែកដឹកជញ្ជូន ឱ្យចូលមកក្នុងថ្នាលឌីជីថលរបស់ Grab ដែលកំពុងតែមានការអភិវឌ្ឍ និងទំនើបកម្មជាលំដាប់។ ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានគាំទ្រចំពោះការប្តេជ្ញារបស់ក្រុមហ៊ុន Grab ក្នុងការជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន ជាប់ជាប្រចាំ។

ក្រុមហ៊ុន Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ជាក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាត (Smart phone) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងការទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ សព្វថ្ងៃ ក្រុមហ៊ុន Grab មានវត្តមានអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍៕