ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើកថា កិច្ចការចរចារព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាល ចំពោះជាតិនិងប្រជាជន ដែលទាមទាអោយមានមូលដ្ឋានច្បាស់លាស់។

យោងតាមសារបង្ហោះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា កិច្ចការចរចារព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាល ចំពោះជាតិនិងប្រជាជន ដែលទាមទាអោយមានមូលដ្ឋានច្បាស់លាស់ ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង។
ចំពោះកិច្ចការព្រំដែន សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមថា គឺមិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាប់ ឬបច្ចេកទេសព្រំដែនច្បាស់លាស់ ឬដោយប្រើប្រាស់ឯកសារដែលយកមកពីប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស ។ល។ នោះទេ។

ចំពោះការជ្រើសរើសវិធីសាស្ត្រដើម្បីដោះស្រាយ សម្តេចធិបតីបានសង្កត់ធ្ងន់ថា គឺត្រូវជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែលយើងកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS)។
ជាថ្មីម្តងទៀត សម្តេចធិបតី ក៏បានជូនពរចំពោះគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦នេះ៕អត្ថបទ៖ហ្សាលីន

