ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk កាលពីពេលថ្មីៗនេះ ទើបតែបានដាក់បង្ហាញរថយន្ត Tesla Roadster ដែលត្រូវបានអភិវឌ្ឍឡើងដោយមានការសហការជាមួយក្រុមហ៊ុន SpaceX ផ្ទាល់ បំពាក់មកជាមួយនូវប្រព័ន្ធកម្លាំងរុញរ៉ុក្កែត (Thrusters) ប្រព័ន្ធបឺតខ្យល់ (Suction system) ដែលអនុញ្ញាតឲ្យរថយន្តប្រភេទនេះ អាចបង្វិលខ្លួន និងលោតលើអាកាស បានយ៉ាងអស្ចារ្យបំផុត។

ក្រុមហ៊ុន Tesla គ្រោងនឹងចាប់ផ្តើមផលិតរថយន្ត Roadster នេះនៅឆ្នាំ២០២៨ ខាងមុខ បន្ទាប់ពីមានការពន្យារពេលជាច្រើនឆ្នាំមកហើយ។ យ៉ាងណាក៏ដោយ ចំពោះតម្លៃមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែក្រុមហ៊ុន បានបើកឲ្យមានការបញ្ជាទិញមុន ដែលតម្រូវឱ្យបង់ប្រាក់កក់ខុសៗគ្នាទៅតាមប្រភេទម៉ូដែល ដូចជាប្រភេទ “Performance”, “Thrust” ឬប្រភេទ “Rocket” ជាដើម។
គួរឲ្យដឹងថា Tesla Roadster អាចបង្កើនល្បឿនពី ០ ដល់ ៦០ ម៉ាយក្នុងមួយម៉ោង ក្នុងរយៈពេលតិចជាង ១វិនាទី។ ល្បឿនអតិបរមាអាចកើនដល់លើសពី ២៣០ ម៉ាយក្នុងមួយម៉ោង (ឬជាង ៣៧០ គីឡូម៉ែត្រក្នុងមួយម៉ោង)។ ដោយឡែករថយន្តនេះអាចបើកបរបានប្រហែលជាង ៣០០ ម៉ាយ (ឬ ៤៨០ គីឡូម៉ែត្រ) សម្រាប់ការសាកថ្មម្ដង។
យ៉ាងណាមិញ សម្រាប់អ្នកវិភាគទីផ្សារមួយចំនួនបានមើលឃើញថា ការបង្ហាញខ្លួនរបស់រថយន្ត Tesla Roadster នេះគឺជាការបញ្ចេញសមត្ថភាពផ្នែកវិស្វកម្មដ៏គួរឱ្យភ្ញាក់ផ្អើល និងអាចជាយុទ្ធសាស្ត្រមួយដើម្បីត្រួសត្រាយផ្លូវសម្រាប់ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Tesla និង SpaceX នាពេលអនាគត បើទោះបីជាពេលបច្ចុប្បន្ន Tesla កំពុងផ្តោតខ្លាំងលើបច្ចេកវិទ្យាបើកបរស្វ័យប្រវត្ត និងមនុស្សយន្ត (Optimus) ក៏ដោយ៕

