ភាគហ៊ុនក្នុងវិស័យទេសចរណ៍ធ្លាក់ដាំក្បាលចុះ ខណៈជម្លោះនៅអ៊ីរ៉ង់ រំខានដល់ជើងហោះហើរ

អន្តរជាតិ

ភាគហ៊ុននៅក្នុងវិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង នៅថ្ងៃចន្ទទី២ខែមីនា ដោយសារជម្លោះកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលធ្វើឲ្យរំខានដល់ជើងហោះហើរនៅជុំវិញពិភពលោក និងបង្ខំឲ្យមានការបិទមជ្ឈមណ្ឌលធ្វើដំណើរសំខាន់ៗនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាកាសយានដ្ឋានមជ្ឈិមបូព៌ា រួមទាំងទីក្រុងឌុយបៃ ដែលជាមជ្ឈមណ្ឌលធ្វើំណើរអន្តរជាតិដ៏មមាញឹកបំផុតរបស់ពិភពលោក និងនៅទីក្រុងដូហា ប្រទេសអារ៉ាប់រួម បានបន្តបិទដល់ថ្ងៃទីបី ដែលធ្វើឲ្យអ្នកដំណើររាប់ម៉ឺននាក់ជាប់គាំង។

យ៉ាងណាមិញ​ភាគហ៊ុននៅក្នុង TUI ដែលជាក្រុមហ៊ុនទេសចរណ៍ធំជាងគេរបស់អឺរ៉ុប បានធ្លាក់ចុះអស់ ៧% នៅក្នុងការជួញដូរដំបូង ខណៈពេលដែល IAG ដែលជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ British Airways បានធ្លាក់ចុះ ៩% ។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Lufthansa និង Air France-KLM ក៏បានធ្លាក់ចុះ ៧% ដូចគ្នាផងដែរ។

មិនតែប៉ុណ្ណោះ ភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍អាមេរិក បានធ្លាក់ចុះប្រហែល ៥% នៅក្នុងការជួញដូរមួយមុនទីផ្សារបើក ខណៈពេលដែលភាគហ៊ុនរបស់ម្ចាស់សណ្ឋាគារ Accor និងក្រុមហ៊ុននាវាកម្សាន្ត Carnival ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។

គួរឲ្យដឹងផងដែរថា នៅក្នុងជម្លោះដ៏ធំនេះ បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ធំៗនៅមជ្ឈិមបូព៌ា បន្តលុបចោលជើងហោះហើរជាច្រើន ខណៈពេលដែលអ្នកវិភាគបានព្រមានថា ការរំខានអាចមានរយៈពេលជាច្រើនសប្តាហ៍។

ជម្រាបជូនថា ក្រុមហ៊ុនអាកាសចរណ៍អាស៊ីក៏រងផលប៉ះពាល់ខ្លាំងផងដែរ ដោយក្នុងនោះភាគហ៊ុនក្រុមហ៊ុន ANA Holdings របស់ប្រទេសជប៉ុន ក្រុមហ៊ុន Air China ក្រុមហ៊ុន China Southern Airlines ក្រុមហ៊ុន China Eastern Airlines ក្រុមហ៊ុន AirAsia X របស់ម៉ាឡេស៊ី រួមទាំងក្រុមហ៊ុន China Airlines និង EVA Airways របស់តៃវ៉ាន់ សុទ្ធតែបានធ្លាក់ចុះយ៉ាងហោចណាស់ ៤%៕​