អាមេរិក ពិចារណាដកទណ្ឌកម្មចេញពីកងនាវាស្រមោល ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនខ្ពស់

អន្តរជាតិ

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើការដកទណ្ឌកម្មចេញពីកងនាវាស្រមោលមួយចំនួន ក្នុងគោលបំណងគឺដើម្បីកាត់បន្ថយ ថ្លៃដឹកជញ្ជូនសកលដែលកំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កងនាវាស្រមោលនេះ គឺចង់សំដៅទៅលើក្រុមនាវាដឹកជញ្ជូនប្រេងឥន្ធនៈពីប្រទេសជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដូចជាប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡាជាដើម។

យ៉ាងណាមិញ ជុំវិញកិច្ចពិភាក្សាទាំងនេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានប្រកាសពីការដកបណ្តោះអាសន្ននូវការរឹតបន្តឹងលើប្រេងម៉ាស៊ូតរបស់រុស្ស៊ី។ មន្ត្រីអាមេរិកមួយរូប ក៏បានបញ្ជាក់ថា គំនិតថ្មីនេះនឹងជួយឱ្យនាវាដែលធ្លាប់រងទណ្ឌកម្មពីមុនមក អាចដឹកជញ្ជូនទំនិញស្របច្បាប់បាន ដែលជាហេតុជួយឱ្យមានការទាញយកប្រេងឆៅ និងប្រេងកែច្នៃចេញពីឈូងសមុទ្រកាន់តែច្រើនឡើង។

ទន្ទឹមនឹងនេះ​ ក្រសួងថាមពលសហរដ្ឋអាមេរិកបានអះអាងថា វិធានការនេះគឺមិនមែនធ្វើឡើងដើម្បីជួយឱ្យរុស្ស៊ីអាចលក់ប្រេង និងផលិតផលប្រេងបានកាន់តែច្រើននោះទេ។ ម្យ៉ាងវិញទៀត តម្លៃថាមពលខ្ពស់ គឺជាហានិភ័យមួយសម្រាប់លោក ត្រាំ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពាក់កណ្តាលអាណត្តិខាងមុខនេះ ខណៈពេលដែលបក្សសាធារណៈរដ្ឋ កំពុងសង្ឃឹមថានឹងបន្តរក្សាការគ្រប់គ្រងទាំងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក៕​