លោក ម៉ាង ស៊ីណេត ដឹកនាំប្រជុំបន្ទាន់ពិនិត្យគម្រោងវិនិយោគកែច្នៃកាកសំណល់រឹងនៅទីលានភូមិអូតាសេក

សង្គម​ និង​សេដ្ឋកិច្ច

នៅរសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦  លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំជួលដីរដ្ឋ សម្រាប់វិនិយោគលើគម្រោងកែច្នៃកាកសំណល់រឹង (សំរាម) នៅក្នុងភូមិសាស្ត្រខេត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះបានផ្ដោតការពិភាក្សាយ៉ាងលម្អិតទៅលើគម្រោងវិនិយោគបៃតងមួយនេះ ដែលគ្រោងនឹងបង្កើតឡើងនៅទីលានចាក់សំរាម ស្ថិតនៅភូមិអូតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ គម្រោងកែច្នៃកាកសំណល់រឹងនេះ ត្រូវបានរំពឹងថានឹងក្លាយជាជំហានគន្លឹះមួយក្នុងការគ្រប់គ្រងបរិស្ថាន កាត់បន្ថយការបំពុល និងជំរុញការអភិវឌ្ឍទីក្រុងទំនើបប្រកបដោយចីរភាព។

រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ លោក ម៉ាង ស៊ីណេត តែងតែផ្តល់អាទិភាពខ្ពស់លើការកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងអនាម័យ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃសេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងខេត្តតំបន់ឆ្នេរមួយនេះ៕