កូនប្រុសអ្នកឧកញ៉ា ឃុន សៀ ចុះកិច្ចសន្យាសាងសង់គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ទៅកាន់ទីក្រុងរណប កោះនរា

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ឧកញ៉ា ឃុន សេងផេង នាយកប្រតិបត្តិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) ដែលត្រូវជាកូនប្រុសរបស់ អ្នកឧកញ៉ា ឃុន សៀ បានអញ្ជើញចូលរួមចុះហត្ថលេខាកិច្ចសន្យាសាងសង់ និងកិច្ចសន្យាត្រួតពិនិត្យគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណប កោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៧ ឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសន្យាសាងសង់ និងកិច្ចសន្យាត្រួតពិនិត្យគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។ កិច្ចសន្យាធ្វើឡើង​រវាងក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានគម្រោង ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ជាមួយក្រុមហ៊ុនសាងសង់ Zhejiang Huan Xin Traffic Engineering Co., Ltd. តំណាងដោយ លោក ជូ​ ឆាងហ្គិន (Zhu Changgen) អគ្គនាយកក្រុមហ៊ុន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Zhejiang Institute of Communications Co., Ltd. សហការជាមួយក្រុមហ៊ុន Mekong PWT Engineering Co., Ltd. ដែលជាក្រុមហ៊ុនក្នុងស្រុក តំណាងដោយលោក Guo Rui  ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឧកញ៉ា ឆាស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធ។

ឧកញ៉ា ឃុន សេងផេង នាយកប្រតិបត្តិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាសាងសង់នេះ ក្រុមហ៊ុននឹងចាប់ផ្តើមដាក់ពង្រាយគ្រឿងចក្រ និងសម្ភារៈបច្ចេកទេស ព្រំទាំងរៀបចំការងារការដ្ឋានឱ្យបានរួចរាល់ ដើម្បីឈានទៅកាន់ពិធីបើកការដ្ឋានសាងសង់នាដើមឆ្នាំ២០២៧ ខាងមុខ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងក្រុមការងារបច្ជេកទេសក្រសួង និងក្រុមហ៊ុនដែលបានរួមគ្នាជំរុញការសិក្សា និងរៀបចំគម្រោងនេះរហូតដល់ការចុះហត្ថលេខានាថ្ងៃនេះ។ គម្រោងនេះគឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយការកកស្ទះចរាចរណ៍ និងពង្រឹងការតភ្ជាប់ផ្លួវ ស្ពានប្រទាក់ក្រឡាស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ឯកឧត្តមបានស្នើដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ឱ្យយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព គុណភាពសំណង់ និងការអនុវត្តការងារប្រកបដោយឯករាជ្យ និងសុចរិតភាព ព្រមទាំងជំរុញការចែករំលែកចំណេះដឹងដល់វិស្វករកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងនេះ។

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ទៅកាន់ទីក្រុងរណប កោះនរា នេះនឹងជួយជម្រុញការតភ្ជាប់រវាងភាគខាងកើត និងភាគខាងលិចនៃរាជធានីភ្នំពេញ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។ ជាពិសេស នឹងជួយពង្រីកការអភិវឌ្ឍន៍ ព្រមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជនរស់នៅភាគខាងកើតរាជធានីភ្នំពេញ និងក្នុងខេត្តកណ្តាល៕