ស្ថានភាពនៅប្រទេសបារាំងកាន់តែអាក្រក់ខ្លាំង ខណៈបាតុកម្មរីករាលដាល ឈានដល់ការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ

អន្តរជាតិ

ការតវ៉ាជាច្រើនសំណាក់ក្រុមបាតុករប្រឆាំងទៅនឹងការឡើងថ្លៃនៃទំនិញ និងតម្លៃជីវភាពរស់នៅក្នុងប្រទេសបារាំង បានឈានដល់ការគ្រប់គ្រងលែងបាន ដែលបណ្តាលឲ្យមានការបំផ្លិចបំផ្លាញ និងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់រចនាហេដ្ឋារចនាសម្ព័ន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បានឱ្យដឹងថា មានមនុស្សប្រហែល ៥៥០ ០០០ នាក់បានចូលរួមក្នុងការតវ៉ាទូទាំងប្រទេសបារាំងកាលពីថ្ងៃទី១៧ ខែតុលា ខណៈពេលដែលសហជីព CGT ដែលជាអ្នករៀបចំការប្រមូលផ្តុំនេះ បានប៉ាន់ប្រមាណចំនួនអ្នកចូលរួមអាចមានរហូតដល់ ៨០០ ០០០ នាក់។

ក្រុមអ្នកតវ៉ាភាគច្រើនបានដើរក្បួនដោយសន្តិវិធីតាមដងផ្លូវ។ តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីបានរាយការណ៍ថា ពួកជ្រុលនិយមមួយចំនួនបានកំណត់គោលដៅលើអគាររដ្ឋាភិបាល វាយប្រហារលើយានយន្តរបស់រដ្ឋាភិបាល និងកងកម្លាំងប៉ូលិស ព្រមទាំងបានលួចប្លន់យករបស់របរពីហាងលក់ទំនិញប្រណីតៗ និងផ្សារទំនើបធំៗផងដែរ។

មិនតែប៉ុណ្ណោះ សាលាក្រុង Limoges ដែលមានអាយុកាលរាប់រយឆ្នាំស្ថិតនៅភាគកណ្តាលប្រទេសបារាំង ត្រូវបានគេដុតបំផ្លាញ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្រុមអ្នកតវ៉ាដែលស្លៀកពាក់ឈុតខ្មៅបានសម្រុកចូលសាលាក្រុង Marseille និងបំផ្លិចបំផ្លាញអគារនោះ ខណៈពេលដែលមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍នៅទីក្រុង Lyon ក៏ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញចោលផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានពិពណ៌នាហេតុការណ៍នេះថាជា “រលកអំពើហិង្សាដ៏អាក្រក់បំផុតមួយ” ដែលប្រទេសបារាំងបានជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សមកនេះ។

ទន្ទឹមនឹងនេះ​ ប្រធានាធិបតី លោក Emmanuel Macron បានប្រកាសថា លោកនឹងចាត់វិធានការផ្លូវច្បាប់ និងដាក់ទោសចំពោះអ្នកដែលប្រព្រឹត្តសកម្មភាពបំផ្លិចបំផ្លាញទាំងនោះ។ លោកបានមានប្រសាសន៍ទៀតថា៖ “ពួកយើងទាំងអស់គ្នានឹងឈរជើងរួមគ្នាប្រឆាំងនឹងអ្នកដែលបង្កភាពចលាចល ដែលមានបំណងបំផ្លិចបំផ្លាញស្ថាប័ន”៕​