សហរដ្ឋអាមេរិកបានបិទបញ្ចប់ឆ្នាំសារពើពន្ធ ២០២៦ ជាមួយនឹងឱនភាពថវិកាជាតិ (Budget Deficit) ខ្ពស់បំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ និងជាចំនួនខ្ពស់បំផុតទីបីក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី១៦ ខែតុលា ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសថា នៅក្នុងឆ្នាំសារពើពន្ធ ២០២៦ (ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា) បានបង្ហាញថា កង្វះខាតថវិកាជាតិរបស់ប្រទេស មានចំនួន ១,៩ទ្រីដុល្លារ ដែលជាការកើនឡើង ១២% បើធៀបនឹងឆ្នាំមុន និងជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ឆ្នាំ។
យ៉ាងណាមិញ នេះគឺជាឱនភាពថវិកាប្រចាំឆ្នាំខ្ពស់ជាងគេទីបីក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដែលស្ថិតនៅកម្រិតក្រោមតែឆ្នាំ២០២០ និង ២០២១ ប៉ុណ្ណោះ ដែលជាកំឡុងពេលរដ្ឋាភិបាលបានចំណាយទឹកប្រាក់រាប់ទ្រីដុល្លារលើកញ្ចប់ជំរុញសេដ្ឋកិច្ចក្នុងអំឡុងពេលជំងឺរាតត្បាត។ បើយោងតាមមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញទៀតថា ទាំងប្រាក់ចំណូល និងការចំណាយក្នុងឆ្នាំសារពើពន្ធ ២០២៦ នឹងឡើងដល់កម្រិតកំណត់ត្រាខ្ពស់បំផុត។
ជម្រាបជូនថា សហរដ្ឋអាមេរិកបានកត់ត្រាឱនភាពថវិកាជាតិជាប់ៗគ្នាជាឆ្នាំទី២៥ ហើយ។ ពេលចុងក្រោយដែលរដ្ឋាភិបាលមានថវិកាជាតិលើស គឺស្ថិតក្នុងឆ្នាំ២០០១។ ហើយគ្រាន់តែក្នុងខែកញ្ញាតែមួយ ឱនភាពថវិកាជាតិមានចំនួន ២៧ពាន់ដុល្លារ ដែលផ្ទុយស្រឡះពីចំនួនថវិកាជាតិលើស ១៩៨ពាន់ដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

