ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកដែលជាក្រុមហ៊ុននាំចេញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមតាំងបង្ហាញអង្ករ និងផលិតផលកែច្នៃពីអង្កររបស់កម្ពុជា នៅក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិលំដាប់ពិភពលោក Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង។

សម្រាប់ឆ្នាំ២០២៦ នេះ គឺជាការចូលរួមលើកទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បន្ទាប់ពីការចូលរួមលើកទី១ នៅឆ្នាំ២០១៤ និងលើកទី២ នៅឆ្នាំ២០២៤។ ពិព័រណ៍ SIAL Paris គឺជាវេទិកាពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់សម្រាប់ឧស្សាហកម្មម្ហូបអាហារពិភពលោក ដែលប្រមូលផ្តុំអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកទិញ និងអ្នកជំនាញមកពីបណ្តាប្រទេសនានា ដើម្បីបង្ហាញផលិតផល ចែករំលែកបទពិសោធន៍ ស្វែងយល់ពីនិន្នាការទីផ្សារ និងបង្កើតឱកាសសហប្រតិបត្តិការពាណិជ្ជកម្មថ្មីៗ។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយគុណភាព និងសក្តានុពលអង្ករកម្ពុជា ព្រមទាំងបង្កើនភាពទាក់ទាញរបស់អង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ពន្លាជាតិសហព័ន្ធស្រូវអង្ករកម្ពុជានៅពិព័រណ៍ SIAL Paris 2026 បានទទួលបានកិត្តិយសសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រមទាំងតំណាងសហគ្រិនខ្មែរ និងភ្ញៀវអន្តរជាតិជាច្រើនរូបទៀត។ ការអញ្ជើញចូលរួមទស្សនានេះ បង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រចំពោះវិស័យស្រូវអង្ករកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងក្រុមហ៊ុនសមាជិកក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ការចូលរួមរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនសមាជិកក្នុងពិព័រណ៍នេះ ទទួលបានការគាំទ្រពី ក្រសួងពាណិជ្ជកម្ម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ការគាំទ្រនេះបានរួមចំណែកជួយសម្រួលដល់ការផ្សព្វផ្សាយផលិតផលអង្ករកម្ពុជា និងបង្កើតឱកាសសម្រាប់ក្រុមហ៊ុននាំចេញក្នុងការស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ ពង្រឹងទំនាក់ទំនងជាមួយអ្នកទិញអន្តរជាតិ និងស្វែងយល់ពីតម្រូវការទីផ្សារនៅតំបន់អឺរ៉ុប និងទីផ្សារផ្សេងៗទៀត។

ការចូលរួមរបស់ក្រុមហ៊ុននាំចេញទាំង ១២ នេះ មិនត្រឹមតែជាការបង្ហាញពីភាពសម្បូរបែប និងគុណភាពនៃផលិតផលអង្ករកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាព និងការត្រៀមខ្លួនរបស់វិស័យស្រូវអង្ករកម្ពុជាក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ តាមរយៈវេទិកានេះ ក្រុមហ៊ុនសមាជិកមានឱកាសបង្ហាញសក្តានុពលផលិតផលរបស់ខ្លួន បង្កើនការទទួលស្គាល់ម៉ាកយីហោ និងស្វែងរកលទ្ធភាពពង្រីកទីផ្សារនាំចេញ ដើម្បីរួមចំណែកលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជានៅលើឆាកអន្តរជាតិ។
ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនសមាជិក ស្ថិតនៅស្ដង់ C006 អាគារលេខ ៨ (Hall 8 ) ដែលជាទីតាំងសម្រាប់ទទួលភ្ញៀវ អ្នកទិញ និងដៃគូពាណិជ្ជកម្មអន្តរជាតិ ដើម្បីស្វែងយល់ពីផលិតផលអង្ករកម្ពុជា និងពិភាក្សាអំពីឱកាសសហប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត។
សូមបញ្ជាក់ថា ក្រុមហ៊ុននាំចេញអង្ករទាំង ១២ ដែលបានចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះ រួមមាន៖
១. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត (D-017)
២. ក្រុមហ៊ុន អៀង ហ៊ាង អុីមផត អិចផត ខូអិលធីឌី (D-015)
៣. ក្រុមហ៊ុន ឥណ្ឌូ ឆាយណា រ៉ាយស៍ មីល លីមីធីត (D-013)
៤. ក្រុមហ៊ុន វង្ស ប៊ុនហេង អុីមផត អិចផត (D-011)
៥. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូអិលធីឌី (D-009)
៦. ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (D-007)
៧. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា) (C-008)
៨. ក្រុមហ៊ុន ហ្វេត រ៉ាយស៍ បាត់ដំបង អិលធីឌី (C-010)
៩. ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន (C-012)
១០. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ (C-014)
១១. ក្រុមហ៊ុន ប៊ីអអិម អាហ្រោ (C-016)
១២. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ៊្វូដ (ខេមបូឌា) (C-020)



