ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានស្នើសុំជំនួយបន្ថែមចំនួន ៧៩ពាន់លានដុល្លារ និងប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ចំនួន ៣០០ គ្រាប់ពីសហភាពអឺរ៉ុប ក្នុងអំឡុងពេលដែលអ៊ុយក្រែនកំពុងខ្វះខាតទាំងថវិកានិងអាវុធ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នៅប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី១៦ ខែតុលា លោក Zelensky បាននិយាយថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមបើកការវាយប្រហារទ្រង់ទ្រាយធំសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីសម្រាប់ប្រជាពលរដ្ឋ។
ប្រធានាធិបតីរូបនេះ បានថ្លែងទៅកាន់ក្រុមប្រឹក្សាអឺរ៉ុបដោយសំដៅទៅលើមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ថា៖ “ខ្ញុំសូមអំពាវនាវឱ្យអស់លោកអ្នកផ្តោតអារម្មណ៍ពិតប្រាកដលើការជួយពួកយើងឱ្យទទួលបានមីស៊ីលស្ទាក់ចាប់ PAC-2 និង PAC-3។ អ៊ុយក្រែនមិនអាចទប់ទល់បានទៀតទេ។ ពួកយើងក៏ត្រូវការកញ្ចប់ជំនួយរដូវរងាផងដែរ ដែលពួកយើងតែងតែពិភាក្សាគ្នាដូចរាល់ដង”។
យ៉ាងណាមិញ ក្រៅពីមីស៊ីល Patriot លោក Zelensky ក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុបជួយអ៊ុយក្រែនបំពេញការខ្វះខាតថវិការបស់ខ្លួននៅក្នុងឆ្នាំ២០២៧ ផងដែរ ខណៈស្ថានភាពសង្គ្រាមជាមួយរុស្ស៊ី នៅតែមិនទាន់ធូស្រាល៕

