លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ និងសិល្បករសិល្បការិនី ប្រមាណ១៥០នាក់ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនឹងបងៗវីរកងទ័ព ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាននៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ស្ថិតនៅក្នុងខេត្តព្រះវិហារ។

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា ដំណើរមកកាន់ខេត្តព្រះវិហារនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោកជំទាវអ្នកឧកញ៉ា ក៏ទើបតែដឹកនាំបិទបញ្ចប់ការកៀរគរមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ក្នុងដំណាក់កាលទី១ កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានថវិកាសរុបប្រមាណជាង ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយថវិកា និងគ្រឿងឧបភោគបរិភោគទាំងនោះ នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាល ចាត់ចែងតាមភាពជាក់ស្តែងក្នុងការងារ និងបច្ចេកទេសកងទ័ពកម្ពុជា។
ប៉ុន្តែវត្តមាននៅតំបន់ជួរមុខនាពេលនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានប្រតិភូសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា នៅថ្ងៃនេះជាបេសកកម្មមួយដាច់ដោយឡែកផ្សេងទៀត ដែលថ្នាក់ដឹកនាំនៃសមាគមសិល្បករខ្មែរ បានមូលមតិគ្នា រៀបចំនូវរបស់របរប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្សេងទៀត ធ្វើដំណើរដោយផ្ទាល់មកទីនេះ ក្នុងន័យចង់បញ្ជាក់ពីក្តីគោរពស្រលាញ់ សាមគ្គីភាពរួមគ្នាជាធ្លុងមួយក្នុងនាមខ្មែរតែមួយ ហើយការលះបង់ ការតស៊ូរបស់ថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ពិតមានទំហំធំធេងមិនអាចគណនាបាន ទោះក្នុងកាលៈទេសៈណា បេះដូងដែលមានឈាមជ័រខ្មែរតែមួយ ពួកយើងនឹងបន្តកៀកស្មារួមគ្នាជានិច្ច។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានសង្កត់ធ្ងន់ថា ថ្វីដ្បិតថា ទាំងចំនួនថវិកា, របស់របរប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែធាតុពិតនៅពីក្រោយនេះ គឺស្មារតីសាមគ្គីរួមគ្នាជាធ្លុងមួយរវាងសមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីការពារសុខសន្តិភាព បូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិកម្ពុជាយើង។
មានវត្តមានឈរជើងយ៉ាងអង់អាចនៅតំបន់ជួរមុខ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការ មេបញ្ជាការដ្ឋានអង្គរក្ស បានមានប្រសាសន៍សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូសមាគមសិល្បករខ្មែរផងដែរ៕








