អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចុះ MoU ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរួមគ្នាកសាងវប្បធម៌ធុរកិច្ចស្អាតស្អំ តម្លាភាព និងបរិយាកាសវិនិយោគល្អប្រសើរនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងសភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ» ក្នុងគោលបំណងពង្រឹងទំនុកចិត្តរបស់វិនិយោគិន ធានាការប្រកួតប្រជែងដោយស្មើភាព និងលើកកម្ពស់វិបុលភាពពាណិជ្ជកម្មរយៈពេលវែងនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានកម្ពុជា។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រធាន និងអនុប្រធានសហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងសហគមន៍ធុរជនជាតិ និងអន្តរជាតិជាច្រើនរូប។

ក្នុងពិធីចុះ MoU ដ៏សំខាន់នេះ អ្នកឧកញ៉ា គិត ម៉េង បានចាត់ទុកការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលសភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងវិស័យឯកជននៅកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ បានឈានដល់ការសហការជាផ្លូវការ ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា បរិយាកាសធុរកិច្ចដែលមានតម្លាភាព និងភាពស្អាតស្អំ មិនត្រឹមតែជាគោលដៅរបស់ស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់វិនិយោគិន ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ធានាការប្រកួតប្រជែងដោយស្មើភាព និងលើកកម្ពស់វិបុលភាពពាណិជ្ជកម្មរយៈពេលវែង សម្រាប់សហគមន៍ធុរកិច្ចទាំងក្នុង និងក្រៅប្រទេស ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា គឺជាការបង្ហាញពីឆន្ទៈ និងការតាំងចិត្តរួមគ្នា ក្នុងការផ្លាស់ប្តូរវប្បធម៌ធុរកិច្ចឱ្យកាន់តែផ្អែកលើសុចរិតភាព និងតម្លាភាព។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ មានគោលដៅជំរុញបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែស្អាតស្អំ និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង ស្របពេលដែលបរិយាកាសសេដ្ឋកិច្ចពិភពលោក កាន់តែទាមទារឱ្យមានទំនុកចិត្ត ការគោរពច្បាប់ និងការការពារផលប្រយោជន៍របស់ធុរជនទាំងជាតិ និងអន្តរជាតិ។

សូមជម្រាបថា យោងតាមខ្លឹមនៃ MoU ភាគីទាំងពីរ មានការប្តេជ្ញាចិត្តសំខាន់ ២គឺ៖ ទី១. តួនាទី និងការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជា ផ្តល់ការសម្របសម្រួល-ទទួលពិភាក្សា និងបញ្ជូនពាក្យប្ដឹងពីសមាជិកមកកាន់ អ.ប.ព. ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន និងផ្តល់ការសហការជាមួយ អ.ប.ព. ក្នុងករណីចាំបាច់ណាមួយតាមសំណើរបស់ អ.ប.ព. ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយទៅសមាជិក របស់ខ្លួន។ ទី២. ការប្តេជ្ញាចិត្តរបស់ អ.ប.ព. គឺ អ.ប.ព. ប្តេជ្ញាការពារ និងលើកកម្ពស់សុចរិតភាព ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមនិងការប្តេជ្ញារបស់ភាគីពាក់ព័ន្ធក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ៕