Foxconn គ្រោងផលិត iPhone ដំបូង ក្នុងរោងចក្រតម្លៃជិត ១,៦ពាន់លានដុល្លារខ្លួន នៅខែមេសា ឆ្នាំក្រោយ

អន្តរជាតិ

ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ Apple Inc បានធ្វើការប្រកាសថា ខ្លួននឹងចាប់ផ្តើមផលិតទូរស័ព្ទ iPhone ដំបូង ក្នុងរោងចក្រថ្មីរបស់ខ្លួន នៅរដ្ឋ Karnataka ភាគត្បូងប្រទេសឥណ្ឌា នៅខែមេសា ឆ្នាំ ២០២៤ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Foxconn បានធ្វើការចុះកិច្ចព្រមព្រៀងទិញយកដីមួយកន្លែង នៅក្នុងរដ្ឋ Karnataka កាលពីថ្ងៃទី ១ ខែកក្កដាកន្លងទៅ សម្រាប់ប្រើប្រាស់ធ្វើជារោងចក្រថ្មីរបស់ខ្លួន ខណ:រដ្ឋាភិបាលឥណ្ឌា បានបង្ហាញថា គម្រោងនេះ មានតម្លៃរហូតដល់ទៅ ១៣០ពាន់លានរូពី (១,៥៩ពាន់លានដុល្លារ) ហើយរំពឹងថានឹងអាចបង្កើតការងារថ្មីៗ បានប្រហែល ៥០ ០០០ កន្លែង។

គួរឱ្យដឹងថា Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជាប់កិច្ចសន្យាធំជាងគេរបស់ពិភពលោក បានកំណត់គោលដៅរួចហើយ ក្នុងការផលិត iPhone ឱ្យបានចំនួន ២០ លានគ្រឿងក្នុងមួយឆ្នាំ នៅរោងចក្របច្ចុប្បន្នរបស់ខ្លួន នៅ Devanahalli និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Bengaluru របស់ប្រទេសឥណ្ឌា ។

ជម្រាបជូនផងដែរថា ទាំងក្រុមហ៊ុន Apple និង Foxconn បាននឹងកំពុងរៀបចំផែនការ ដើម្បីងាកចេញពីប្រទេសចិន បន្ទាប់ពីមានការដាក់កំហិតដ៏តឹងរ៉ឹងទាក់ទងនឹងជំងឺកូវីដ-១៩ ដែលជាហេតុធ្វើឱ្យមានការរំខានដល់ការផលិតទូរស័ព្ទ iPhone ថ្មីៗ និងឧបករណ៍ផ្សេងទៀតនៅក្នុងប្រទេសនេះ ៕