សាកលវិទ្យាល័យ ឧកញ៉ា ទេព កូលាប ចុះ MoU ជាមួយសាកលវិទ្យាល័យដ៏ល្បីមួយនៅសហរដ្ឋអាមេរិក ជាជំហានឆ្ពោះទៅរកការពង្រឹងកិច្ច​សហប្រតិបត្តិក្នុងវិស័យអប់រំ

ជុំវិញ​ឧកញ៉ា

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)  របស់លោកជំទាវឧកញ៉ា ទេព កូលាប ដែលជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យ California State University, Fullerton (CSUF) ដ៏ល្បីល្បាញមួយនៃសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះMoUនេះ ធ្វើឡើងកាលពីថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ​២០២៦ ដោយមានការចូលរួមជាសក្ខីភាពពីបងប្អូនខ្មែររស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​ផងដែរ។

បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ គឺជាសមិទ្ធផលថ្មីមួយសម្រាប់ការពង្រឹងទំនាក់ទំនងអន្តរជាតិ និងជាជំហានយុទ្ធសាស្ត្រឆ្ពោះទៅរកការពង្រឹងកិច្ច​សហប្រតិបត្តិក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសទាំងពីរ។

ក្រសួងអប់រំ​ យុវជន​ និងកីឡាមានជំនឿយ៉ាងមុតមាំថា ភាពជាដៃគូរវាងស្ថាប័នទាំង២នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង ប្រកបដោយផ្លែផ្កា និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការពង្រឹងទំនាក់ទំនងអប់រំរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។

សូមជម្រាបថា សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានកកើតឡើងនៅឆ្នាំ២០០២ ក្រោមការផ្តួចផ្តើមរបស់សាកលវិទ្យាធិការ ឧកញ៉ា ទេព កូលាប ដែលពេលនោះមានឈ្មោះថា “សាកលវិទ្យាល័យអាស៊ាន”។ សាកលវិទ្យាល័យនេះបានប្តូរឈ្មោះមកជា “សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (Phnom Penh International University – PPIU) នៅឆ្នាំ២០០៦ តាមអនុក្រឹត្យលេខ ១១១ អនក្រ. បក ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០០៦។

បច្ចុប្បន្ន សាកលវិទ្យាល័យ PPIU មានកម្រិតសិក្សាចាប់ពីវគ្គជំនាញវិជ្ជាជីវៈ បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើជំនាញជាច្រើន ខណៈដែលថ្មីៗនេះសាកលវិទ្យាល័យ ក៏បានសហការគ្នាជាមួយក្រសួងព័ត៌មាន បើកនូវមហាវិទ្យាល័យសារព័ត៌មាន និងសោតទស្សន៍ ដំបូងគេនៅកម្ពុជាបន្ថែមទៀតផងដែរ៕