យោងតាមការលើកឡើងរបស់ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុប (EU) នឹងស្នើវិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មទំនិញជាមួយប្រទេសចិនដែលបច្ចុប្បន្នមានទំហំជាង ១ពាន់លានដុល្លារក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល EU កាលពីថ្ងៃទី១៦ ខែតុលា ប្រធាន EC លោកស្រី Von der Leyen បានមានប្រសាសន៍ថា ការរឹតបន្តឹងបន្ថែមលើការនាំចូលពីប្រទេសចិនត្រូវបានរំពឹងទុក បន្ថែមទៅលើកិច្ចព្រមព្រៀងកាត់បន្ថយចំនួនយានយន្តកូនកាត់ (Hybrid) ដែលចូលមកអឺរ៉ុបឱ្យមកនៅត្រឹមពាក់កណ្តាលវិញ។
យោងតាមលោកស្រី កិច្ចព្រមព្រៀងកាត់បន្ថយការនាំចូលរថយន្តកូនកាត់របស់ចិន មកកាន់អឺរ៉ុប មិនទាន់បានដោះស្រាយបញ្ហាអតុល្យភាពនៃឱនភាពពាណិជ្ជកម្មបាននៅឡើយនោះទេ។ ឱនភាពពាណិជ្ជកម្មទំនិញរបស់ EU ជាមួយទីក្រុងប៉េកាំងបច្ចុប្បន្នមានចំនួនជាង ១ពាន់លានអឺរ៉ូ (ឬស្មើនឹង ១,១២ពាន់លានដុល្លារ) ក្នុងមួយថ្ងៃ។
មិនតែប៉ុណ្ណោះ លោកស្រីប្រធានា EC បានបន្ថែមទៀតថា ៖”នោះហើយជាមូលហេតុដែលយើងត្រូវតែចាត់វិធានការ។ ឧស្សាហកម្មនានាបានស្នើសុំឱ្យមានសកម្មភាព យើងបានស្តាប់ និងយើងនឹងឆ្លើយតប រួមទាំងការបន្ថែមនូវវិធានការការពារមួយចំនួនផងដែរ”។
ជម្រាបជូនថា ប្រទេសចិន និងអឺរ៉ុបំពុងស្ថិតក្នុងការចរចាពាណិជ្ជកម្ម ខណៈពេលដែល EU ព្យាយាមកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ច្រើនសន្ធឹកសន្ធាប់ជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ។ ទោះបីជាអាស៊ីអាគ្នេយ៍បានវ៉ាដាច់ EU ក្លាយជាដៃគូពាណិជ្ជកម្មទំនិញធំជាងគេរបស់ចិនក្នុងឆ្នាំ២០០០ ក៏ដោយ ក៏ឱនភាពពាណិជ្ជកម្មរបស់ប្លុកនេះជាមួយទីក្រុងប៉េកាំងនៅតែធំជាងគេបំផុតក្នុងពិភពលោកដដែល ដោយកាលពីឆ្នាំមុនមានចំនួនរហូតដល់ ៣៦០ពាន់លានអឺរ៉ូ (៤១០ពាន់លានដុល្លារ)៕

