ក្រុមហ៊ុនជប៉ុន ចង់បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ដែលកំពុងមានប្រប្រតិបត្តិការអាជីវកម្មនៅកម្ពុជា មានគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា។នេះបើតាមពិភាក្សាកាលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ រវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន Toyota។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ តំណាងក្រុមហ៊ុន Toyota បានជម្រាបជូនអំពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមិនកំណត់សម្រាប់តែកម្មករនិយោជិតរបស់ក្រុមហ៊ុន Toyota ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។ លោកបានបញ្ជាក់ផងដែរថានៅចុងឆ្នាំ២០២៦នេះ ក្រុមហ៊ុននឹងចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្ត ដោយសហការជាមួយវិទ្យាស្ថានបច្ចេកទេស JVC។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានស្វាគមន៍ដោយក្តីរីករាយបំផុតចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលការណ៍នេះគឺស្របទៅនឹងគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

សូមជម្រាបថា នៅអង្គប្រជុំនោះ ភាគីទាំងពីរ ក៏បានពិភាក្សាបន្តលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងការកែសម្រួលគោលនយោបាយលើកទឹកចិត្ត និងការលើកទឹកចិត្តឱ្យប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងការផលិតគ្រឿងបង្គុំដើម្បីផ្គត់ផ្គងដល់គម្រោងដំឡើងរថយន្តនៅកម្ពុជាថែមទៀត៕ អត្ថបទ៖ហ្សាលីន