រដ្ឋមន្រ្តីសេដ្ឋកិច្ច ផ្តល់អនុសាសន៍ធំៗ១១ចំនុច ដើម្បីអភិវឌ្ឍន៍វិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និង ទិសដៅការងារ ឆ្នាំ២០២៣ កាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ធំៗចំនួន១១ ចំណុច ដល់ក្រសួងសាធារណការ និងដឹកជញ្ជូនយកទៅអនុវត្តន៍សម្រាប់អភិវឌ្ឍន៍វិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជាឱ្យកានរីកចំរើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច តំណាងឱ្យសម្តេច ហ៊ុន សែន បានលើកឡើងថា វឌ្ឍនភាពការងារ និងកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់ក្រសួងសារធារណការដែលសម្រេចបាននាឆ្នាំកន្លងមកនេះ ពិតជាបានរួមចំណែកលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។

ជាមួយគ្នានេះ លោក យល់ថា ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងយោងតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល លោកក៏បានផ្តល់អនុសាសន៍ធំៗ១១ចំនុច ដើម្បីអភិវឌ្ឍន៍វិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា ដូចខាងក្រោម៖

ទី១.បន្តជំរុញកិច្ចសហការជិតស្និទ្ធ ជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា និងជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

ទី២.ជំរុញការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលកំពុងដំណើរការសាងសង់ និងគម្រោងជាអាទិភាព និង ជាទិសដៅសម្រាប់អនុវត្តនៅក្នុងឆ្នាំ ២០២៣ ដើម្បីបញ្ចប់ឱ្យបានទាន់ពេលតាមផែនការគ្រោងទុក។

ទី៣.យកចិត្តទុកដាក់ពន្លឿននីតិវិធី ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការរួចហើយ លើកម្ចីសម្បទានជាមួយភាគីមិត្ត។

ទី៤.ជំរុញការសិក្សាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកអាទិភាព។

ទី៥.ជំរុញកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកសាង និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹកកខ្វក់ បន្តជំរុញពន្លឿនការរៀបចំ និង អនុម័តច្បាប់និង បទប្បញ្ញត្តិបច្ចេកទេសនានា។

ទី៦.ជំរុញការរៀបចំ និង អនុម័តគោលនយោបាយ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ សាធារណការ និង ដឹកជញ្ជូន ដោយប្រើប្រាស់យានយន្តអគ្គិសនី (EV)។

ទី៧.ជំរុញការអភិវឌ្ឍលើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក, ផ្លូវសមុទ្រ និង ការធ្វើអាជីវកម្មកំពង់ផែ ឱ្យកាន់តែល្អប្រសើរឡើង។

ទី៨.ជំរុញការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ទី៩.ជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោក; ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង កំពង់ផែ; ច្បាប់ស្តីពីផ្លូវដែក និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ទី១០.បន្តជំរុញការបណ្តុះបណ្តាល និង អភិវឌ្ឍន៍ធនធានមនុស្សថ្នាក់ឧត្តមសិក្សា ពង្រឹងសមត្ថភាពផ្នែកពិសោធន៍ សំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមន្ទីរពិសោធន៍សំណង់ និងសាធារណការជាដើម។

និង ទី១១.បន្តលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែល្អប្រសើរជូនប្រជាជន។

គួរបញ្ជាក់ដែរ តាមរយៈអនុសាសន៍នេះ ក្រសួងសារធារណការ និងដឹកជញ្ជូន បានចាត់ថា គឺអនុសាសន៍ដ៏សំខាន់ ហើយពិតជានឹងចូលរួមចំណែកដល់ការលើកកម្ពស់ ភាពប្រកួតប្រជែង, កំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទៅក្នុងតំបន់ថែមទៀត៕