អ្នកនៅតាមបុរី ដែលអត់មានសេវាអ៊ិនធឺណិត​ ​​មាន​សង្ឃឹម​ឡើង​វិញ បន្ទាប់​ពី​​សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាមួយ

សង្គម​និង​សេដ្ឋកិច្ច

សម្រាប់អ្នកនៅតាមបុរី ក្នុងរាជធានីភ្នំពេញ ដែលកន្លងមកមានបញ្ហារអាក់រអួល ឬគ្មានសេវាទូរស័ព្ទ និង​សេវា​អ៊ិនធឺណិត​នោះ ​នឹង​មាន​សង្ឃឹម​ឡើង​វិញ បន្ទាប់​ពី​​សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរំលាយ​ចោល​កិច្ចសន្យាគ្រប់បុរីទាំងអស់ ដែលផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងអ៉ិនធឺណិត ចាប់ពី​ថ្ងៃស្អែកតទៅ។ នេះបើតាមការបញ្ជាក់​ឱ្យ​ដឹងរបស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោករដ្ឋមន្ត្រី បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ​យ៉ាងដូច្នេះថា «មុនខ្ញុំមកទីនេះ សម្តេចតេជោ​បានបញ្ជាខ្ញុំថា រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខ អ៉ីធឺណិតក្នុងបុរី លុបចោលទាំងអស់ អត់មាន​ឲ្យទៀតទេ។ សូមឲ្យប្រតិបត្តិករទាំងយល់ដឹង និងសូមឲ្យនិយ័តករទូរគមនាគមន៍ អនុវត្តប្រសាសន៍របស់​ម្តេចតេជោ អត់មានត្រូវឲ្យផ្តាច់មុខទៀត ប្រតិបត្តិករត្រូវចូលប៉ុន្មានចូលទៅ»។

«ក្រោយទទួលប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ក្រសួង និងនិយ័តករទូរគមនាគមន៍ គឺត្រូវ​តែរំលាយចោលនូវរាល់ភាពផ្តាច់មុខទាំងអស់ អត់មាននរណាមួយ​មានសិទ្ធិផ្តាច់មុខក្នុងការរកស៊ី ក្នុងបុរី​តទៅ​ទៀតទេ ហើយការអនុវត្តន៍ចាប់ពីថ្ងៃស្អែកនេះតទៅ»។ លោក ជា វ៉ាន់ដេត បាន​​លើក​ឡើង​បន្ថែម។

លោករដ្ឋមន្ត្រី​ ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ ​​បច្ចុប្បន្ន​នេះ​ក្រុមការងាររបស់ក្រសួង បានធ្វើការចុះស្រង់ទិន្នន័យ​តាម​បុរីជាង ១០០បុរីក្នុងរាជធានីភ្នំពេញ ដែលមានបុរីខ្លះផ្តល់សិទ្ធិផ្តាច់មុខ ដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវា​អ៉ិនធឺណិត ដែលនាំឲ្យអ្នកប្រើប្រាស់មានការលំបាក ក្នុងការប្រើប្រាស់ ពោះគ្មានជំរើស។ ជាមួយគ្នានេះ ក្រុមការងាររបស់ក្រសួង បានចុះធ្វើការតេស្តសេវាទូរស័ព្ទ នៅក្នុងបុរីបានចំនួន៦០បុរីរួចហើយ នៅតែចំនួន​៤០បុរីទៀតប៉ុណ្ណោះ។ យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហាសេវាទូរស័ព្ទ និងអ៉ីធឺណិតនៅតាមបុរី ក្រសួង​បានសម្រេចជ្រើសរើសយកបុរី ប៉េងហួត ជាគំរូមុនគេ បន្ទាប់មកទើបដោះស្រាយបុរីផ្សេងៗទៀត៕