សម្តេចធិបតី អបអរកម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រលើការនាំចេញអង្ករច្រើនជាង ១លានតោន

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរ ដែល កម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករច្រើនជាង ១លានតោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រកាសអបអរនេះ បន្ទាប់ពីរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១ ០១៤ ៤៤២ តោន។ នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល។

ពាក់ព័ន្ធនឹងរឿងនេះដែរ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិនៃក្រសួងកសិកម្ម ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១ ០១៤ ៤៤២ តោន។ លោកថា នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល ខណៈលោកក៏បានប្រកាសសូមចូលរួមអបអរសាទរទាំងអស់គ្នាផងដែរ។

សូមជម្រាបដែរថា របាយការណ៍បង្ហាញថា ការនាំចេញអង្ករចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៦ មានកំណើនយ៉ាងលេចធ្លោ ដោយកាលពីឆ្នាំ២០២៥ ការនាំចេញមានចំនួន ៩៤០តោន (៩៤០,០០០តោន) ប៉ុន្តែនៅក្នុងឆ្នាំ២០២៦ ត្រឹមរយៈពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលាប៉ុណ្ណោះ កម្ពុជាបានស្ទុះហក់ឡើងរហូតដល់លើស ១លានតោន ជាលើកដំបូង។

សមិទ្ធផលត្រចះត្រចង់នេះ បានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ប្រជាកសិករ និងវិស័យឯកជន ក្នុងការលើកកម្ពស់គុណភាព និងការពង្រីកទីផ្សារអង្ករកម្ពុជាលើឆាកអន្តរជាតិ៕ អត្ថបទ៖ហ្សាលីន