ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ ខណៈក្រុមហ៊ុននេះ ក៏បានបង្ហាញពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជាផងដែរ។ផែនការបានបង្ហើបឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោកស្រី Iwona Kmiecik ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding ។

ក្នុងឱកាសនៃជំនួបនេះ, លោកស្រីអគ្គនាយិកាក្រុមហ៊ុន បានគូសបញ្ជាក់អំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា ដោយមានគម្រោងពង្រីកការវិនិយោគរបស់ខ្លួនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។
លោកស្រីបន្តថា ជាមួយនឹងកំណើននៃចំណាប់អារម្មណ៍កាន់តែច្រើនរបស់ក្រុមហ៊ុន និងសហគ្រាសប៉ូឡូញមកលើទីផ្សារកម្ពុជា, លោកស្រីក៏បានគោរពស្នើសុំការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា លើគំនិតផ្ដួចផ្ដើមក្នុងការរៀបចំវេទិកាធុរកិច្ចប៉ូឡូញ-កម្ពុជា និងការបង្កើតសភាពាណិជ្ជកម្មប៉ូឡូញ-កម្ពុជានាពេលខាងមុខ ដើម្បីផ្សារភ្ជាប់វិស័យឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។

ជាការឆ្លើយតប, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់លោកស្រីអគ្គនាយិកាក្រុមហ៊ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់ធុរកិច្ច។, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបង្កើតកញ្ចប់ទេសចរណ៍ចម្រុះ និងទូលំទូលាយ ដែលតភ្ជាប់អ្នកទេសចរឱ្យហួសពីតំបន់កោះ និងឆ្នេរសមុទ្រ ឆ្ពោះទៅកាន់ប៉ូលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍នៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ពិភពលោក។
តាមរយៈជំនួបនេះ សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះការគ្រោងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចប៉ូឡូញមកកាន់កម្ពុជានាពេលខាងមុខ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន IM Capital Holding បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ពន្ធកម្ពុជា សំដៅប្រែក្លាយផែនការធានាបាននូវភាពជោគជ័យរបស់ក្រុមហ៊ុនសម្រាប់រយៈពេលវែង៕ អត្ថបទ៖ហ្សាលីន

