លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំង លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមផ្ញើសារលិខិតគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតី ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ។

ឆ្លៀតក្នុងវរោកាសដ៏វិសេសប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវការគោរពកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំប្រកបដោយឆន្ទៈមុតមាំ ចក្ខុវិស័យវែងឆ្ងាយ និងការលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីរបស់ សម្ដេចធិបតី ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសការថែរក្សាសុខសន្តិភាព ស្ថិរភាព សាមគ្គីភាពជាតិ ការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។
ក្រោមការដឹកនាំដ៏ស្វាហាប់ និងប្រកបដោយប្រាជ្ញ ឈ្លាសវៃរបស់ សម្ដេចធិបតី កម្ពុជាបានបន្តថែរក្សាកេរដំណែលដ៏ថ្លៃថ្លារបស់បុព្វបុរស ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ដើម្បីបង្កើតសមិទ្ធផលថ្មីៗ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។
ក្នុងឱកាសដ៏ជ័យមង្គលនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវ ទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន សម្តេច ធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រ សូមប្រកបដោយសុខភាពបរិបូរណ៍ សុភមង្គល វិបុលសុខ និង ជោគជ័យគ្រប់ភារកិច្ច ជាពិសេសសូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ ខ្ពង់ខ្ពស់បំផុត និងសេចក្តីគោរពដ៏ជ្រាលជ្រៅអំពីយើងខ្ញុំទាំងអស់គ្នា៕


