អ្នកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ ផ្ញើសារលិខិតជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ជុំវិញ​ឧកញ៉ា

ក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦, អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេ អិន អិន គ្រុប (KNN GROUP) និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេច​មហាបវរធិបតី សូមទទួលបានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តបេសកកម្ម​ដ៏ឧត្តុង្គឧត្តម ដើម្បីដឹកនាំកម្ពុជាឱ្យរីកចម្រើនរុងរឿងតទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសដ៏ថ្លៃថ្លានេះយើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំ​រាជរដ្ឋាភិបាល​បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

សម្តេចធិបតី គឺជាប្រមុខរាជរដ្ឋាភិបាលដែលបាន និងកំពុងដឹកនាំជោគវាសនាប្រទេសជាតិ ដោយទឹកចិត្ត បេះដូង និងការគិតគូរយ៉ាងម៉ត់ចត់ ពីប្រជាជាតិកម្ពុជា។ សម្តេចធិបតី ពិតជាបានខិតខំប្រឹងប្រែងដោយទឹកចិត្ត ស្មោះស្ម័គ្រ ក្នុងការថែរក្សាកេរមរតកចាស់ និងបង្កើតសមិទ្ធផលថ្មី ដើម្បីប្រជាជាតិ​ និងប្រជាជនកម្ពុជាច្រើនជំនាន់តទៅ។

ទន្ទឹមនេះក្នុងការរក្សាសន្តិភាព ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីសុខចម្រើននៃជាតិ​ និងប្រជាជន សម្តេចធិបតីបានបង្ហាញភាពប៉ិនប្រសប់ ក្នុងទំនាក់ទំនងអន្តរជាតិ ភាពចាស់ទំនយោបាយ និងគតិ​បណ្ឌិតប្រតិបត្តិដោយឈរលើស្មារតីសន្តិសហវិជ្ជមាន ដើម្បីភាពសុខដុមរបស់មនុស្សជាតិ។ ក្រោមការដឹកនាំ​រាជរដ្ឋាភិបាលបន្តវេនរបស់សម្តេចមហាបវរធិបតី ប្រជាជនកម្ពុជាបន្តរួមរស់ជាមហាគ្រួសារ ប្រកបដោយសុភមង្គល វិបុលភាព, មោទនភាពជាតិ កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា កាន់តែត្រូវបានលើកកម្ពស់ នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

យើងខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំនូវសព្ទ​សាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសាច់ញាតិក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន KNN GROUP