ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងកាលពីពេលថ្មីៗនេះថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកទណ្ឌកម្មចេញពីប្រទេសរុស្ស៊ី និងពន្ធគយលើទំនិញរុស្ស៊ីមួយចំនួន នឹងធ្វើឲ្យរុស្ស៊ីកាន់តែមានកម្លាំងចិត្តបន្តការវាយប្រហារមកលើរុស្ស៊ី កាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការលើកឡើងរបស់លោក Zelensky នេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតី លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដោយផ្អាកការដាក់ទណ្ឌកម្ម និងពន្ធគយសំខាន់ៗលើរុស្ស៊ីរយៈពេល ៦០ថ្ងៃ ដើម្បីថ្លឹងថ្លែងលើការប៉ះពាល់សេដ្ឋកិច្ចជាសកល។
យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្តាញសង្គម X របស់ខ្លួនថា ការសម្រេចចិត្តលុបចោល និងបិទខ្ទប់រាល់វិធានការទាំងនេះ គឺជាទង្វើខុសទាំងស្រុង ដែលជួយតែភាគីរុស្ស៊ីប៉ុណ្ណោះ និងកាន់តែជំរុញឲ្យរុស្ស៊ីចង់បន្តវាយប្រហារលើអ៊ុយក្រែនបន្ថែមទៀត។
គួរជម្រាបជូនថា ការដកទណ្ឌកម្មនេះ ត្រូវបានធ្វើឡើងក្នុងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ដោយសារការអនុវត្តច្បាប់នេះអាចនឹងធ្វើឱ្យតម្លៃប្រេងកាន់តែកើនឡើងខ្ពស់ ខណៈពេលដែលប្រជាជនអាមេរិកកំពុងប្រឈមមុខនឹងការចំណាយកើនឡើងរួចស្រេចទៅហើយ៕

