ម៉ាឡេស៊ី ជាប់ជាប្រទេសដែលដាក់លក់ស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ក្រុមហ៊ុន Apple គឺ iPhone Duo ទាបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងតម្លៃប្រមាណ ២ ៣២៦ដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

តម្លៃនេះផងដែរ គឺសម្រាប់ទំហំផ្ទុក ២៥៦ជីកាបៃ (256GB) ដែលឈរនៅលំដាប់ទីប្រាំពីរទូទាំងពិភពលោក ផ្អែកលើការប្រៀបធៀបតម្លៃហាងអនឡាញផ្លូវការរបស់ Apple នៅតាមទីផ្សារចំនួន៤០ផ្សេងទៀត។
យ៉ាងណាមិញ ក្នុងចំណោមទីផ្សារនៅតំបន់អាស៊ានដែលបានស្ទង់មតិ ថៃ ជាប្រទេសលក់ iPhone Duo ថោកជាងគេទី២ ជាមួយតម្លៃ ២ ៣៨៧ដុល្លារ ខណៈប្រទេសសិង្ហបុរី ដាក់ស្មាតហ្វូននេះក្នុងតម្លៃ ២ ៤១៨ដុល្លារអាមេរិក។
ដោយឡែកនៅប្រទេសវៀតណាម ម៉ូដែលដូចគ្នានេះមានតម្លៃខ្ពស់ជាងនៅប្រទេសម៉ាឡេស៊ីប្រហែល ១៨៧ដុល្លារអាមេរិក។ ចំណែកឯប្រទេសហ្វីលីពីន គឺជាទីផ្សារដែលមានតម្លៃថ្លៃជាងគេក្នុងចំណោមទីផ្សារក្នុងតំបន់ទាំងប្រាំដែលត្រូវបានស្ទង់មតិ ដោយមានតម្លៃ ២ ៥៤០ដុល្លារអាមេរិក។
ជាសកល សហរដ្ឋអាមេរិកផ្តល់នូវតម្លៃ iPhone Duo ទាបបំផុត ១ ៩៩៩ដុល្លារ បន្ទាប់មកគឺប្រទេសកាណាដា ២ ២២០ដុល្លារ។ ហុងកុង ឈរនៅលំដាប់ទីបីទូទាំងពិភពលោក និងជាទីផ្សារអាស៊ីដែលមានតម្លៃធូរថ្លៃបំផុតសម្រាប់ឧបករណ៍នេះ ដែលដាក់លក់ក្នុងតម្លៃ ២ ២៣០ដុល្លារ។ ផ្ទុយទៅវិញ ប្រទេសទួរគីយ៉េ គឺជាទីផ្សារដែលលក់ iPhone Duo ថ្លៃបំផុតដល់ទៅ ៤ ៦៤៤ដុល្លារអាមេរិក ដែលស្ទើរតែទ្វេដងនៃតម្លៃនៅប្រទេសម៉ាឡេស៊ី៕

