សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសដាក់ចេញកម្មវិធីនយោបាយដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ នៅថ្ងៃទី២៥នេះ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបជាមួយកម្មករនិយោជិតជាង ១ម៉ឺននាក់ នៅខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា នៅថ្ងៃទី២៥ ខែមករា សម្តេចធិបតីនឹងប្រកាសដាក់ចេញនូវកម្មវិធីនយោបាយដោះស្រាយបញ្ហាអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី មានប្រសាន៍ថា ការប្រកាសគោលនយោបាយថ្មីមួយទៀត បន្ទាប់ពីការដាក់គោលនយោបាយជំរុញទេសចរខេត្តសៀមរាបមក គឺការប្រកាសដាក់គោលនយោបាយជំរុញការវិនិយោគនៅខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាជាប់គាំងរឿងសំណង់មួយចំនួន ហើយលើកទឹកចិត្តបងប្អូនមួយចំនួនក្នុងការជំរុញឡើងវិញ។

សូមបញ្ជាក់ថា ទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពនាខែកញ្ញា ឆ្នាំ២០២៣ គម្រោងសាងសង់នៅខេត្តព្រះសីហនុសរុបមានជាង៩០០គម្រោង ស្មើជាង១ពាន់អគារ មានទុនវិនិយោគសរុបប្រមាណ ជាង៤ពាន់លានដុល្លារ។ក្នុងនោះ គម្រោងផ្អាកការសាងសង់៣៤១ ស្មើនឹង ៣៦៤អគារ គម្រោងកំពុងដំណើរការសាងសង់២៩ ស្មើនឹង ៥៣អគារ គម្រោងសាងសង់រួចពុំទាន់ដំណើរការ១៦១ ស្មើនឹង ១៧៧អគារ គម្រោងសាងសង់រួច និងកំពុងប្រកបអាជីវកម្មមាន៤៣៤ ស្មើនឹង ៤៧៥អគារ។បញ្ហាការជាប់គាំងអគារទាំងនោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ក៏និងកំពុងយកចិត្តទុកដាក់ ខិតខំដោះស្រាយជាបន្តបន្ទាប់ផងដែរ៕