កម្ពុជា គ្រោងខ្ចីបំណុលពីបរទេស និងក្នុងស្រុក ជិត២ពាន់លានដុល្លារ នៅឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈវេទិកាសាធារណៈ ស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» នៅថ្ងៃទី២៥ ខែមករា មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កម្ពុជាគ្រោងនឹងខ្ចីបំណុលពីបរទេស និងក្នុងស្រុក ប្រមាណជិត២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កម្ពុជាគ្រោងខ្ចីលុយពីបរទេស និងក្នុងស្រុក ចំនួន១៨០០លានដុល្លារ ក្នុងឆ្នាំ២០២៣ មានទំហំមិនស្មើនឹង២០% នៃចំណាយសរុបឆ្នាំ២០២៣។លោកថា ទំហំខ្ចីនេះ គឺខុសពីឆ្នាំ១៩៩៥ ដែលពេលនោះកម្ពុជា ពឹងផ្អែកលើថវិកាពីខាងក្រៅរហូតដល់ ៧៥ភាគរយ ប៉ុន្តែបច្ចុប្បន្នកម្ពុជា មានថវិកាចំណាយខ្លួនឯងរហូតដល់ ៨៣ភាគរយ ពឹងផ្អែកថវិកាខាងក្រៅតែជាង១៧ភាគរយប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា៖« សម្រាប់ច្បាប់ថវិកាឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ៩៦០០លានដុល្លារ ក្នុងនោះចំណូលត្រូវរកចំណូលឱ្យបាន ៧២០០លានដុល្លារ, ខ្ចីបំណុលសាធារណៈចំនួន ១៨០០លានដុល្លារ និងប្រើប្រាស់ប្រាក់សន្សំចំនួន ៦០០លានដុល្លារ»។

លោកបន្ថែមថា តួចលេខនេះបង្ហាញថា កម្ពុជាមានឯករាជ្យភាពខ្លួនឯង ពឹងផ្អែកខ្លាំងចំណូលផ្ទៃក្នុងរបស់កម្ពុជា [ពន្ធដារ] ដែលមានការកើនឡើង កាត់បន្ថយនៃការពឹងផ្អែកថវិកាពីបរទេស។

គួរបញ្ជាក់ដែរថា គិតត្រឹមបំណាច់ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈចំនួន ៩ ៩៧២.៥៩លានដុល្លារ ក្នុងនោះបំណុលក្រៅប្រទេស ៩ ៩៥៥.០៨លានដុល្លារ និងបំណុលក្នុងស្រុក តាមរយៈការលក់មូលបត្របំណុលមានជិត ២០លានដុល្លារ។ បំណុលទាំងនោះ រួមមាន៖ ប្រទេសចិនចំនួន ៤០%, បំណុលធនាគារអភិវឌ្ឍន៍អាស៊ី ២១%, បំណុលទ្វេភាគីផ្សេងៗ ចំនួន ២២% បំណុលធនាគារពិភពលោក ៩%, បំណុលមរកត ចំនួន៦% និងបំណុលពហុភាគី ២%។

យ៉ាងណាមិញ បំណុលសាធារណៈនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អះអាងថាមានកម្រិតទាប ត្រឹមតែប្រមាណ ៣៤%ប៉ុណ្ណោះ នៃផលិតផលក្នុងស្រុកសរុប (GDP)៕ អត្ថបទ៖ ពិសី