កម្ពុជា-ថៃប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាននូវសក្តានុពលក្នុងពេលឆាប់ៗខាងមុខ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបំពេញទស្សនកិច្ចលើកទី១ជាផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤មក សម្តេចធិបធីបានថ្លែងថា កម្ពុជា-ថៃនឹងប្តេជ្ញារុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកើនឡើងឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៨ ខែកុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាកម្ពុជាជាមួយថៃសម្រេចបានទំហំពាណិជ្ជកម្មប្រមាណ៨ពាន់លានដុល្លារ ហើយសង្ឈឹមថានឹងរុញឱ្យបានកើនឡើងបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខ។

សម្តេចធិបតីបន្តថា ការរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងនេះធ្វើឡើងតាមរយៈការដាក់ចេញគោលនយោបាយ, ការចុះMOU,រួមទាំងការឯកភាពគ្នា កិច្ចព្រមព្រៀងគោលនយោបាយជាមួយថៃ ដើម្បីសម្រួលលំហូរនៃកិច្ចការងារនេះ។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថាកម្ពុជា-ថៃបានប្តេជ្ញាក្នុងការខិតខំទ្វេដងដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាននូវសក្តានុពលពេញលេញ។ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីនេះ ថៃនឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ ផ្នែកពាណិជ្ជកម្ម កម្រិតរដ្ឋមន្ត្រីពាណិជ្ជកម្មនៅដើមខែឧសភា ឆ្នាំ២០២៤ផងដែរ។លើសពីនោះ ប្រទេសទាំងពីរក៏បានទទួលស្គាល់អំពីការដើរតួយ៉ាងសំខាន់ និងការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជនក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

សូមជម្រាបថា ប្រទេសថៃជាដៃគូពាណិជ្ជកម្មធំទី ៤ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក និងវៀតណាម។ដោយក្នុងឆ្នាំ ២០២៣ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា និងថៃ ធ្លាក់ចុះប្រមាណ១៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ទំនិញដែលកម្ពុជានាំទៅប្រទេសថៃចំនួន ៨១៧,៥៧ លានដុល្លារធ្លាក់ចុះ ១,៧ ភាគរយ និងទំនិញថៃនាំចូលកម្ពុជាចំនួន ២,៨៩ ពាន់លានដុល្លារ ធ្លាក់ចុះ ២០,៥ ភាគរយ៕