ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តជំរុញឱ្យរដ្ឋ New Mexico ផ្លាស់ប្តូរឈ្មោះទៅជារដ្ឋ New America វិញ បើទោះបីជាសំណើនេះធ្លាប់ត្រូវបានបដិសេធដោយអភិបាលរដ្ឋ លោកស្រី Michelle Lujan Grisham រួចហើយក្តី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៩ ខែតុលាថា៖ “រដ្ឋ New Mexico គួរតែប្តូរឈ្មោះជាបន្ទាន់ទៅជា New America វិញ។ យើងមិនមែនជាប្រទេសម៉ិកស៊ិកទេ យើងគឺជាសហរដ្ឋអាមេរិក! ឈ្មោះថ្មីនេះនឹងជួយលើកកម្ពស់តម្លៃ និងកិត្យានុភាពរបស់រដ្ឋ”។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះ បានលើកហេតុផលទៀតថា ការប្តូរឈ្មោះរដ្ឋនេះនឹងជួយជំរុញតម្លៃផ្ទះ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ លោកក៏បានលើកឡើងដដែលៗនូវការចោទប្រកាន់ពីបទបន្លំការបោះឆ្នោតផងដែរ ទោះបីជាលោកមិនបានបង្ហាញភស្តុតាងណាមួយក៏ដោយ។
ជម្រាបជូនថា កាលពីខែកញ្ញា លោក ត្រាំ ធ្លាប់បានលើសំណើជាលើកដំបូងនូវគំនិតនៃការប្តូរឈ្មោះរដ្ឋ New Mexicoទៅជា New America ដោយអះអាងថាឈ្មោះថ្មីនេះ គឺមានកិត្យានុភាព និងស្រស់ស្អាតជាងមុនសម្រាប់ប្រជាជននៃរដ្ឋដ៏សម្បូរបែបនេះ។ ប៉ុន្តែអភិបាលរដ្ឋ New Mexico លោកស្រី Lujan Grisham ដែលមកពីគណបក្សប្រជាធិបតេយ្យ បានបដិសេធសំណើនេះភ្លាមៗ៕

