រដ្ឋសភា គាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ក្រូអាស៊ី ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរនិងអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ (Gordan Grlić-Radman) រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលស្ដែងចេញតាមរយៈការឈានទៅសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតកម្ពុជា និងបណ្ឌិត្យសភាការទូតក្រូអាស៊ី និងបានលើកឡើងពីកាលានុវត្តភាពជាច្រើនដែលប្រទេសទាំងពីរអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនទាំងពីរ ក៏ដូចជាការពង្រឹងការតភ្ជាប់កម្ពុជា ទៅកាន់សហភាពអឺរ៉ុប។

លោកបានសង្កត់ធ្ងន់ថាប្រទេសទាំងពីរបានបង្ហាញពីឆន្ទៈនយោបាយមុតមាំនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្តទៀតដែលរង់ចាំតែការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យផ្សេងៗទៀត ដើម្បីអនុវត្តជាក់ស្តែងលើស្មារតី ដែលបានព្រមព្រៀងគ្នាហើយនោះ។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា កម្ពុជានិងក្រូអាស៊ី មានលក្ខណៈស្រដៀងគ្នាជាច្រើនពិសេសជាប្រទេសតូចនិងធ្លាប់ទទួលរងគ្រោះពីការឈ្លានពានពីរដ្ឋខាងក្រៅដូចគ្នា។ កម្ពុជាជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម ហើយបានយល់ច្បាស់ពីផលវិបាកដ៏អាក្រក់ ដែលបង្កឡើងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រវាងប្រទេសទាំងពីរ និងស្វាគមន៍ចំពោះការគាំទ្ររបស់ក្រូអាស៊ី តាមរយៈការផ្ដល់បច្ចេកវិទ្យា, ការចែករំលែកបទពិសោធន៍ និងជំនាញ ដើម្បីឱ្យការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

សម្តេចរដ្ឋសភាធិបតី និងឯកឧត្តមបណ្ឌិត ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ បានពិភាក្សាគ្នា ប្រកបដោយភាពស្និទ្ធស្នាល និងជឿទុកចិត្ត លើបញ្ហាប្រឈមរបស់សកលលោក ពិសេសការធ្លាក់ចុះសណ្តាប់ធ្នាប់សកល។

សម្តេចបានគូសបញ្ជាក់ថា ក្នុងនាមប្រទេសតូចដូចគ្នា កម្ពុជានិងក្រូអាស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការទូតសភា ពង្រឹងពហុភាគីនិយម ដើម្បីជាខែលការពារពីព្រោះបច្ចុប្បន្ននេះមានការលេចឡើងនូវទស្សនៈដែលថា ប្រទេសធំត្រូវតែឈ្នះ។

ក្រៅពីការពង្រឹងទំនាក់ទំនងការទូតនយោបាយ ការទូតសភា សម្តេចប្រធានរដ្ឋសភាក៏បានជំរុញឱ្យក្រូអាស៊ីពិនិត្យសក្តានុពល រវាងប្រទេសទាំងពីរបន្ថែមទៀត ក្នុងការជំរុញលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ថាមពលស្អាត និងវិស័យសន្តិសុខ ជាដើម៕