ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្តេជ្ញាគាំទ្រការអភិវឌ្ឍកម្លាំងពលកម្មរបស់កម្ពុជាក្នុងរយៈពេលវែង

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សាទរភាពជោគជ័យគម្រោង “ជំនាញសម្រាប់ភាពប្រកួតប្រជែង” និងពង្រីកការគាំទ្រ ដើម្បីបន្តអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា​​ ខណៈ ADB ​ក៏បានប្តេជ្ញាថា នឹងគាំទ្រការអភិវឌ្ឍកម្លាំងពលកម្មរបស់កម្ពុជាក្នុងរយៈពេលវែងផងដែរ។ នេះបើតាមជំនួបពិភាក្សារវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក អ៊ីស៊ូគិ តាជីម៉ា (Eisuke Tajima) ប្រធានការិយាល័យផ្នែកអភិវឌ្ឍន៍សង្គម និងធនធានមនុស្សនៃទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះ មានគោលបំណងពិគ្រោះយោបល់កម្រិតប្រទេស ស្តីពីវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម, បង្ហាញវឌ្ឍនភាពប្រកបដោយជោគជ័យនៃគម្រោង “ជំនាញសម្រាប់ភាពប្រកួតប្រជែង” (S4C) និងពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP)។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍ គណៈប្រតិភូ ADB ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ADB សម្រាប់ភាពជាដៃគូយូរអង្វែង ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ តាមរយៈវិស័យ TVET។ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងកម្រិតជាន់ខ្ពស់ ដែលបញ្ជាក់ជាថ្មីពីតួនាទី ADB ជាដៃគូស្នូលក្នុងការជំរុញរបៀបវារៈអភិវឌ្ឍជំនាញនៅកម្ពុជា និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប លោក អ៊ីស៊ូគិ តាជីម៉ា បានកោតសរសើរពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាង ADB និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។ តាមរយៈការធ្វើទស្សនកិច្ចនៅតាមគ្រឹះស្ថាន TVET លោកបានឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការជំរុញឱ្យវិស័យឯកជនចូលរួម ដើម្បីបង្កើនចំណេះដឹង និងឱកាសការងារដល់សិក្ខាកាម។ ដោយមើលឃើញពីកិច្ចខិតខំយ៉ាងសកម្មរបស់ក្រសួង ភាគី ADB បានបញ្ជាក់ពីការគាំទ្រការអភិវឌ្ឍកម្លាំងពលកម្មរបស់កម្ពុជាក្នុងរយៈពេលវែង។

សូមជម្រាប់ថា ការវិនិយោគរបស់ ADB ក៏ជួយធ្វើឱ្យប្រសើរឡើងនូវគ្រឹះស្ថាន TVET និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើន រួមទាំងការអនុវត្តដោយជោគជ័យនូវគម្រោងសាកល្បងស្តីពីការបណ្តុះបណ្តាលនៅកន្លែងធ្វើការ (WBL)។ ក្រសួងការងារថា ដើម្បីធានានិរន្តរភាពនៃផលប្រយោជន៍ពីការវិនិយោគទាំងនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តបែងចែកថវិកាជាតិចាប់ពីឆ្នាំ២០២៧ តទៅដើម្បីបន្តគាំទ្រកម្មវិធីសញ្ញាបត្រដែលទើបបង្កើតថ្មី និងគំនិតផ្តួចផ្តើមស្តីពីការបណ្តុះបណ្តាលនៅកន្លែងធ្វើការ ដែលដើរតួនាទីសំខាន់ក្នុងការគាំទ្រការអនុវត្តគោលនយោបាយជាតិពាក់ព័ន្ធនានា ដែលនឹងជួយគាំទ្រតម្រូវការជំនាញដែលកំពុងពេញនិយម ដូចជា ស្វ័យប្រវត្តិកម្ម ជំនាញឌីជីថល និងបច្ចេកវិទ្យាយានយន្តអគ្គិសនី (EV)៕

អត្ថបទ៖ហ្សាលីន