រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញលើកទឹកចិត្តក្នុងការបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ ដែលមានការទទួលស្គាល់ស្លាកយីហោផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ។

ការជំរុញនេះ បានធ្វើឡើងកាលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងប្រតិភូកិត្តិយស បានអញ្ជើញទស្សនកិច្ច «ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។

នាឱកាសនោះ លោករដ្ឋមន្ត្រី និងលោកស្រីរដ្ឋមន្រ្តី បានអញ្ជើញទស្សនកិច្ចនូវស្តង់ពន្លាជាតិកម្ពុជា (Cambodia Pavilion) ដែលមានទីតាំងនៅសាលទី៧ (Hall 7, Stand J-347) ដោយបាននាំយកនូវបណ្តាក្រុមហ៊ុនវិស័យឯកជន-សហគ្រាសកម្ពុជាចំនួន ១៦ ដោយផ្តោតសំខាន់លើកសិផលសក្តានុពលកម្ពុជាដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិមកដាក់តាំងបង្ហាញ រួមមាន៖ ស្វាយចន្ទី ម្រេច ផ្លែឈើសម្ងួត និងគ្រឿងទេស ព្រមទាំងផលិតផលផ្សេងៗជាច្រើនទៀត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី និងលោកស្រីរដ្ឋមន្រ្តី បានបន្តទស្សនកិច្ចស្តង់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានចំនួន ១២ក្រុមហ៊ុន ជាមួយនឹងការដាក់តាំងបង្ហាញស្រូវ-អង្ករកម្ពុជា ដែលបាននិងកំពុងលក់ចែកចាយនៅក្នុងទីផ្សារបារាំង អឺរ៉ុប អាមេរិក និងទីផ្សារអន្តរជាតិផ្សេងៗទៀត។
តាមេយៈព្រឹត្តិការណ៍នោះ លោករដ្ឋមន្ត្រី និងលោកស្រីរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយក្រុមហ៊ុនវិស័យឯកជន និងបានជំរុញលើកទឹកចិត្តក្នុងការបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ មានការទទួលស្គាល់ស្លាកយីហោផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ ជាពិសេសទទួលបានអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនបរទេស មកទស្សនាស្វែងយល់ពីកសិផលសក្តានុពលកម្ពុជា និងពិភាក្សាស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗដោយផ្ទាល់ក្នុងតាំងពិព័រណ៍នេះផងដែរ៕ អត្ថបទ៖ហ្សាលីន

