ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។សម្តេចធិបតីថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ South-East Asia ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ កាលព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន, បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំ និងការបណ្តុះ បណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ឆ្លុះបញ្ចាំងតាមរយៈ ការកើនឡើងនូវចំនួនសិស្សនិស្សិតកម្ពុជា ចូលរួម និងទទួលបានជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា, ទាំងនៅកម្រិតតំបន់ និង សកលលោក។
សម្តេចធិបតីថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយបានខិតខំកែច្នៃពលរដ្ឋកម្ពុជា ជាពិសេស យុវជន និង កុមារ ឱ្យមានចំណេះដឹងទូលាយ ជាមួយជំនាញពិតប្រាកដ សីលធម៌ និង វិន័យ ក៏ដូចជា សុខភាពផ្លូវកាយ និង ផ្លូវចិត្តរឹងមាំ សំដៅឆ្លើយតបបានកាន់តែប្រសើរ និងទាន់ពេល ទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ, ទីផ្សារការងារ និង កិច្ចការពារជាតិមាតុភូមិ ។
ក្នុងន័យនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ និងសមធម៌ តាមរយៈ ការសិក្សាដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងកម្មវីធី កែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱ្យអស់នូវសក្តានុពលនៃ «ផលលាភប្រជាសាស្រ្ត» ដែលកម្ពុជាកំពុងតែមាន៕អត្ថបទ៖ហ្សាលីន

