ក្នុងឱកាសអមដំណើរសម្តេច ហ៊ុន សែន ទៅចិន លោក ហ៊ុន ម៉ាណែត ឆ្លៀតជួបលោក ចាំង យូសៀ

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ចាំង យូសៀ អនុប្រធានទី១ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកម្មុយនីស្តចិន នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីប៉េកាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ចាំង យូសៀ បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះឱកាសដ៏មានអត្ថន័យ ដែលបានជួបសំណេះសំណាលជាមួយនឹងលោក ហ៊ុន ម៉ាណែត ស្របពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកកាន់សាធារណរដ្ឋប្រជាមានិតចិន។

ទន្ទឹមនឹងនោះ លោកបានកត់សម្គាល់ប្រកបដោយការវាយតម្លៃខ្ពស់ អំពីការរីកចម្រើននៃទំនាក់ទំនងផ្នែកយោធាកម្ពុជា-ចិន ក្នុងរយៈកាលកន្លងមកនេះ និងបានបង្ហាញនូវការគាំទ្រលើគោលគំនិត និងទិសដៅសហប្រតិបត្តិការនានារវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក ក្នុងកម្រិតកងទ័ពជើងគោក សំដៅធ្វើយ៉ាងណាថែរក្សាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការផ្តល់កិត្តិយសទទួលបដិសណ្ឋារកិច្ចស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលនេះ។ លោកក៏បានថ្លែងអំណរគុណចំពោះកងទ័ពរំដោះប្រជាជនចិន ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនអំពីវឌ្ឍនភាពឈានឡើងនៃទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានបង្ហាញនូវមតិយល់ស្របដូចគ្នាក្នុងគោលបំណងចង់ឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចដែលប្រទេស និងប្រជាជននៅក្នុងតំបន់នេះធ្លាប់ទទួលផលកន្លងមក ហើយការដោះស្រាយបញ្ហាប្រឈមនានា គឺចាំបាច់ត្រូវឈរលើមូលដ្ឋាននៃសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើវិធានច្បាប់៕