ក្រសួងពាណិជ្ជកម្ម និងប្រតិភូដែលមកពីសហគ្រិនភាពអាម៉េរិក( Business Oregon) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីរកលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិវត្តកម្មឌីជីថលពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។

កិច្ចណពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម រវាងលោកស្រី ជា រដ្ឋា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ជាមួយលោក Mark Brady ប្រធានគ្រប់គ្រងផ្នែកនវានុវត្តន៍ និងសហគ្រិនភាពនៃ Business Oregon និងគណៈប្រតិភូសហរដ្ឋអាម៉េរិក សម្របសម្រួលដោយលោក Benjamin Chiang អនុប្រធានស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិវត្តកម្មឌីជីថលពាណិជ្ជកម្ម និងបានផ្លាស់ប្តូរបទពិសោធន៍ស្តីពីការជំរុញនវានុវត្តន៍និងសហគ្រិនភាព ការពង្រឹងសមត្ថភាពនិងបរិវត្តកម្មឌីជីថលរបស់វិស័យឯកជន ការទទួលបានហិរញ្ញប្បទាន កិច្ចសហការរវាងរដ្ឋ វិស័យឯកជន និងសាកលវិទ្យាល័យ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព និងតម្លៃបន្ថែម។

តាមរយៈជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបទពិសោធន៍របស់រដ្ឋ Oregon ក្នុងការគាំទ្រអាជីវកម្ម និងការប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាការអនុវត្តជាក់ស្តែង ព្រមទាំងលទ្ធភាពសិក្សា និងសម្របយកកម្មវិធី ក៏ដូចជាបច្ចេកវិទ្យាពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថល ស្របតាមបរិបទកម្ពុជា ផងដែរ។
សូមជម្រាបជូនថា Business Oregon គឺជាទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋ Oregon នៃសហរដ្ឋអាម៉េរិក ដែលគាំទ្រដល់អាជីវកម្ម និងសហគ្រិន តាមរយៈកម្មវិធីនវានុវត្តន៍ សហគ្រិនភាព ការទទួលបានហិរញ្ញប្បទាន និងសេវាគាំទ្រអាជីវកម្ម ព្រមទាំងជំរុញកិច្ចសហការជាមួយវិស័យឯកជន និងសាកលវិទ្យាល័យស្រាវជ្រាវ៕ អត្ថបទ៖ហ្សាលីន

