សាកលវិទ្យាល័យអូតាវ៉ា មានបំណងកសាងដៃគូសហប្រតិបត្តិការដ៏រឹងមាំ ស្របតាមតម្រូវការអាទិភាពជាក់ស្តែងនៃវិស័យអប់រំនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សាកលវិទ្យាល័យអូតាវ៉ា គឺជាគ្រឹះស្ថានឧត្តមសិក្សាស្រាវជ្រាវកំពូលមួយរបស់ប្រទេសកាណាដា និងជាសាកលវិទ្យាល័យប្រើប្រាស់ពីរភាសា (អង់គ្លេស-បារាំង) ធំជាងគេលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាមួយ គណៈប្រតិភូសាកលវិទ្យាល័យអូតាវ៉ា នៃប្រទេសកាណាដា (University of Ottawa) កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា សាកលវិទ្យាល័យនេះ មានបំណងក្នុងការកសាងដៃគូសហប្រតិបត្តិការដ៏រឹងមាំ និងប្រកបដោយភាពបត់បែនខ្ពស់ ស្របតាមតម្រូវការអាទិភាពជាក់ស្តែងនៃវិស័យអប់រំនៅកម្ពុជា។

ជាមួយគ្នានេះ ភាគីកាណាដាក៏បានលើកឡើងពីកម្មវិធីសិក្សានវានុវត្តន៍ឌីជីថល (Digital Innovation Learning Program) ដើម្បីបង្កើតកិច្ចសហការជាមួយគ្រឹះស្ថានសិក្សានៅកម្ពុជា ចូលរួមចំណែកពង្រឹងសមត្ថភាពបច្ចេកវិទ្យាដល់សិស្សនិស្សិត និងគ្រូបង្រៀនផងដែរ។

ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានគូសបញ្ជាក់ពី អាទិភាពរបស់ក្រសួងអប់រំ គឺការធ្វើកំណែទម្រង់ និងពង្រឹងគុណភាពនៃកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន (Teacher Training Program) បំពាក់បំប៉នសមត្ថភាពគ្រូបង្រៀន ដើម្បីរៀបចំ និងបណ្តុះបណ្តាលសិស្ស-និស្សិត ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង ដោយផ្តោតលើការបង្កើនប្រសិទ្ធភាពនៃការបង្រៀនតាមប្រព័ន្ធអនឡាញ (Online Teaching) និងបច្ចេកវិទ្យាឌីជីថល។ លើសពីនេះ ឯកឧត្តមក៏ស្នើឱ្យមានកិច្ចសហការលើការបង្កើតកម្មវិធីសិក្សាអន្តរកាល (Sandwich Program) ជាពិសេសលើជំនាញបញ្ញាសិប្បនិម្មិត (AI) និងវិទ្យាសាស្ត្រកុំព្យូទ័រ ដោយផ្អែកលើបទពិសោធជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលនៅបរទេសរវាងកម្ពុជា និងប្រទេសដៃគូនានា។

នៅក្នុងជំនួបនោះ ភាគីទាំងពីរជឿជាក់យ៉ាងមុតមាំថា លទ្ធផលនៃជំនួបពិភាក្សានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំឈានទៅដល់ “ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)” ផ្លូវការនាពេលខាងមុខ ដើម្បីកសាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យូរអង្វែងនិងប្រកបដោយចីរភាព៕